(សៀងហៃ)៖ អាជ្ញាធរសុខាភិបាលចិន បានឱ្យដឹងថា បច្ចុប្បន្ន ទីក្រុងវូហាន ជាទីដែល COVID-19 ផ្ទុះឡើងដំបូងគេ លែងមានករណីឆ្លងនៅសេសសល់ នៅតាមមន្ទីរពេទ្យ របស់ខ្លួន ទៀតនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២០។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអាទិត្យនេះ អ្នកនាំពាក្យគណៈកម្មាការជាតិសុខាភិបាលចិន លោក Mi Feng បានបញ្ជាក់ដូច្នេះថា៖ «បើតាមព័ត៌មានចុងក្រោយ នៅត្រឹម ថ្ងៃទី២៦ ខែមេសានេះ គ្មានករណីឆ្លងថ្មីនៃ COVID-19 សូម្បីតែម្នាក់ នៅតាមមន្ទីរពេទ្យក្នុងទីក្រុងវូហាន ទៀតនោះទេ នេះគឺដោយសារតែកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាង បុគ្គលិកសុខាភិបាលនៃទីក្រុងវូហាន និងបុគ្គលិកសុខាភិបាលមកពីទូទាំងប្រទេស»

គួរជម្រាបថា បើតាមគណៈកម្មាការជាតិសុខាភិបាលចិន ទីក្រុងវូហាន មានអ្នកឆ្លង ៤៦,៤៥២នាក់ ឬស្មើនឹង៥៦ភាគរយ នៃអ្នកឆ្លង COVID-19 សរុបទូទាំងប្រទេស ហើយ អ្នកស្លាប់មាន ៣,៨៦៩នាក់ ឬស្មើនឹង៨៤ភាគរយនៃអ្នកស្លាប់សរុប។ គិតត្រឹមថ្ងៃអាទិត្យនេះ ចិនមានអ្នកឆ្លងសរុប ៨២,៨២៧នាក់ ក្នុងនោះស្លាប់ ៤,៦៣២នាក់៕