(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៊ី នៅថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ COVID-19 ៥,៨៤៩ករណីថ្មីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ធ្វើឱ្យអ្នកឆ្លងសរុបទូទាំងប្រទេស កើនដល់ ៦៨,៦២២ករណី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ករណីឆ្លងថ្មីខាងលើ គឺជាអត្រាខ្ពស់បំផុតលំដាប់ទី២ បន្ទាប់ពីរុស្ស៊ីមានអ្នកឆ្លង COVID-19 ដល់ទៅ ៦,០៦០នាក់ កាលពីថ្ងៃទី១៩ ខែមេសាកន្លងទៅ។ បើតាមអាជ្ញាធរសុខាភិបាលរុស្ស៊ី ចំនួនអ្នកស្លាប់ក៏បានហក់ឡើងដល់ ៦១៥នាក់ផងដែរ ក្រោយអ្នកស្លាប់ថ្មី៦០នាក់ ត្រូវបានរាយការណ៍ និង៥,៥៦៨នាក់បានជាសះស្បើយឡើងវិញ។

ចំណែកឯ ទីក្រុងម៉ូស្គូ នៅតែជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមានចំនួនអ្នកឆ្លងដល់ទៅ ៣៦,៨៩៧ករណី ក្រោយរកឃើញករណីឆ្លងថ្មីចំនួន ២,៩៥៧នាក់គិតត្រឹមពេញមួយ ថ្ងៃព្រហស្បតិ៍ ម្សិលមិញ៕