(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០នេះ ដោយក្នុងនោះបានបញ្ជាក់ថា នៅរយៈពេល ២៤ម៉ោងកន្លងទៅនេះ អ្នកឆ្លងជំងឺ COVID-19 ថ្មីៗតែ ០៦នាក់ប៉ុណ្ណោះត្រូវបានរកឃើញ ដែលវាជាចំនួនទាបថ្មីមួយទៀត បើធៀបនឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលត្រូវបានរាយការណ៍មានចំនួន ០៨នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ក្នុងចំណោមករណីឆ្លងជំងឺ COVID-19 ថ្មីទាំង ០៦នាក់ខាងលើនេះ ០៤នាក់ជាករណីឆ្លងក្នុងស្រុកផ្ទាល់ និង ០២នាក់ទៀតជាករណីនាំចូលពីក្រៅប្រទេស ដោយប្រការនេះបាននាំឲ្យករណីនាំចូល COVID-19 មកកាន់កូរ៉េខាងត្បូង កើនឡើងដល់ ១,០២៣ករណី។

សម្រាប់រយៈពេល ២៤ម៉ោងកន្លងទៅនេះ ក៏ពុំមានអ្នកជំងឺណាម្នាក់ បានបាត់បង់ជីវិតនោះដែរ ហើយនេះជាលើកដំបូងក្នុងរយៈពេល ៣៩ថ្ងៃមកនេះ ដែលមិនមាននរណាបានបាត់បង់ជីវិត ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈចំនួនអ្នកស្លាប់សរុបពេលនេះ នៅត្រឹម ២៤០នាក់ដដែល។

គួរបញ្ជាក់ថា អ្នកជាសះស្បើយចំនួន ៩០នាក់បន្ថែមទៀតក៏ត្រូវបានអនុញ្ញាត ឲ្យចាកចេញពីមន្ទីរពេទ្យផងដែរ ដែលប្រការនេះបាននាំឲ្យ ចំនួនអ្នកជាសះស្បើយសរុបពី COVID-19 នៅកូរ៉េខាងត្បូងកើនដល់ ៨,៥០១នាក់៕