(សេអ៊ូល)៖ នៅរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសកូរ៉េខាងត្បូងបានរកឃើញ អ្នកឆ្លងជំងឺ COVID-19 ថ្មីៗតែ ០៨ករណីប៉ុណ្ណោះ ដែលនាំឲ្យចំនួនករណីឆ្លងសរុបទូទាំងប្រទេសកើនឡើងដល់ ១០,៧០២ករណី ជាអត្រាឆ្លងប្រចាំថ្ងៃទាបបំផុតថ្មីមួយទៀត។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។

កូរ៉េខាងត្បូងបានជួបប្រទះអ្នកឆ្លងប្រចាំថ្ងៃ ស្ថិតនៅក្នុងរង្វង់ ១០នាក់ដូចខាងលើនេះ រយៈពេល ០៦ថ្ងៃជាប់ៗគ្នាមកហើយ ខណៈនៅរយៈពេលពេញមួយថ្ងៃពុធម្សិលមិញនេះ អ្នកជំងឺ ០២នាក់បន្ថែមទៀតបានស្លាប់ ដែលនាំឲ្យចំនួនមនុស្សស្លាប់សរុបដោយសារជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះ កើនឡើងដល់ ២៤០នាក់ ឬស្មើនឹងអត្រាស្លាប់ ២.២៤ភាគរយ។

គួរបញ្ជាក់ថា អ្នកជាសះស្បើយចំនួន ១៣៤នាក់ទៀត ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃដដែលនោះ ដែលប្រការនេះបាននាំឲ្យចំនួនអ្នកជាសះស្បើយពី COVID-19 សរុបកើនដល់ ៨,៤១១នាក់ ឬស្មើនឹងអត្រាជាសះស្បើយ ៧៨.៦ភាគរយ៕