(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីព្រមានមួយ នៅថ្ងៃពុធសប្តាហ៍នេះថា វិបត្តិបង្កឡើងដោយជំងឺរាតត្បាតសកល COVID-19 នឹងមិនអាចបញ្ចប់នាពេលឆាប់ៗនោះឡើយ ខណៈប្រទេសខ្លះទើបតែឈានចូលតំណាក់កាលដំបូង នៃការប្រយុទ្ធប្រឆាំងចំពោះវីរុសនេះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។

WHO បានលើកឡើងបន្តទៀតថា ជំងឺរាតត្បាតសកលមួយនេះ មិនត្រឹមតែធ្វើវិស័យសុខាភិបាលសកល ជួបគ្រោះអាសន្នប៉ុណ្ណោះទេ ប៉ុន្តែចរន្តសេដ្ឋកិច្ចអន្តរជាតិទាំងមូល ក៏កំពុងរងគ្រោះផងដែរ ខណៈវិស័យពាណិជ្ជកម្មកំពុងតែតស៊ូដើម្បីរស់, មនុស្សរាប់លាននាក់បាត់បង់ការងារធ្វើ និងរាប់លាននាក់ទៀត ប្រឈមមុខគ្រោះអត់ឃ្លាន។

ជុំវិញបញ្ហាដ៏ធំធេង ដែលនៅតែបន្តស្ថិតនៅចំពោះមុខនៅឡើយនោះ អង្គការសុខភាពពិភពលោក បានអំពាវនាវឲ្យប្រជាជាតិទាំងអស់ ប្រឹងប្រែងប្រយុទ្ធនឹងវីរុសកូរ៉ូណា (COVID-19) នេះបន្តទៅមុខទៀត។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ជំងឺរាតត្បាតសកលមួយនេះ បានផ្តាច់ជីវិតមនុស្សកើនដល់ជាង ១៨០,០០០នាក់ ក្នុងចំណោមអ្នកឆ្លងសរុបជាង ២.៦លាននាក់ នៅក្នុងប្រទេស និងដែនដីសរុប ២១០។

គួរបញ្ជាក់ថា ការបញ្ចេញសារព្រមានខាងលើនេះ បានកើតមានឡើង បន្ទាប់ពីប្រទេសមួយចំនួន បានលើកឡើងអំពីចេតនាចង់ដកការរឹតត្បិត ហើយឈានទៅបើកដំណើរការសេដ្ឋកិច្ចរបស់ពួកគេឡើងវិញ ទាំងដែលបញ្ហាជំងឺ COVID-19 នៅមិនទាន់មានភាពធូរស្រាលនៅឡើយ។ លោក ថេដ្រូស អាដាណម (Tedros Adhabom) ប្រធាន WHO បានលើកឡើងយ៉ាងដូច្នេះថា «កុំសាងនូវកំហុស... យើងមានផ្លូវដ៏វែងឆ្ងាយ ដែលត្រូវដើរទៅមុខ។ វីរុសនេះនឹងស្ថិតនៅជាមួយយើង យូរអង្វែងបន្ថែមទៀត»៕