(ញូវដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌាបានរាយការណ៍ឲ្យដឹងនៅថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០នេះថា ប្រទេសឥណ្ឌាបានរកឃើញករណីស្លាប់ថ្មីៗ ដោយសារជំងឺ COVID-19 ចំនួន ៣៧នាក់បន្ថែមទៀត កាលពីថ្ងៃអង្គារម្សិលមិញនេះ ខណៈករណីឆ្លងថ្មីៗចំនួន ៩៩៩ករណី ក៏ត្រូវបានរាយការណ៍នៅក្នុងថ្ងៃជាមួយគ្នានេះដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលឥណ្ឌាបានគូសបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងនៅញូដេលី) ចំនួនសរុបនៃអ្នកស្លាប់ដោយសារជំងឺ COVID-19 ក្នុងប្រទេសបានកើនដល់ ៦៤០នាក់ហើយ»។

ជាមួយគ្នានេះ ក្រសួងក៏បានបញ្ជាក់ផងដែរថា ក្រៅពីករណីស្លាប់ ក៏មានដែរករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៩៩៩ ករណីបន្ថែមទៀតត្រូវបានរាយការណ៍ ក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញដដែលនេះផងដែរ ដែលនាំឲ្យចំនួនសរុបបានកើនដល់ ១៩,៩៨៤ករណី ហើយក្នុងនោះ មានអ្នកជំងឺចំនួន ៣,៨៧០នាក់បានជាសះស្បើយឡើងវិញ។

បើគេពិនិត្យទៅលើចំនួនប្រជាជនឥណ្ឌារហូតដល់ជិត ១.៤ពាន់លាននាក់ ករណីឆ្លងសរុបជិត ២ម៉ឺននាក់ខាងលើនេះ គឺស្ថិតនៅក្នុងកម្រិតទាបខ្លាំងនៅឡើយ។ នេះក៏មិនមែនជារឿងចៃដន្យឡើយ ថ្បិតថាប្រទេសអាស៊ីមួយនេះ បានចាប់ផ្តើមអនុវត្តវិធានការបិទប្រទេស យ៉ាងតឹងរ៉ឹងបំផុត តាំងតែពីករណីឆ្លង COVID-19 ផ្ទុះឡើងដំបូងៗមកម្ល៉េះ ហើយបើគិតត្រឹមថ្ងៃពុធនេះ គឺមានរយៈពេល ២៩ថ្ងៃជាប់ៗគ្នាមកហើយ៕