(តូក្យូ)៖ ទូរទស្សន៍ជាតិជប៉ុន NHK បានរាយការណ៍ឲ្យដឹងថា ករណីឆ្លងសរុបនៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះ បានកើនឡើងដល់ ១០,០០០ករណីហើយ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ បានសម្រេចដាក់ប្រទេសទាំងមូល ទៅក្នុងស្ថានភាពអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលបន្ថែមនៃជំងឺដ៏កាចសាហាវនេះ។ នេះបើតាមការដកស្រង់ព័ត៌មាននារសៀលថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០។

កាលពីថ្ងៃសុក្រម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី អាបេ បានអំពាវនាវដល់ប្រជាពលរដ្ឋជប៉ុនទាំងអស់ ឲ្យស្ថិតតែនៅក្នុងផ្ទះបានហើយ កុំចេញទៅក្រៅប្រសិនបើមិនចំាបាច់បំផុតទេនោះ ខណៈពេលដែលរដ្ឋធានីតូក្យូ កំពុងតែកត់ត្រាចំនួនអ្នកឆ្លងថ្មីខ្ពស់បំផុត ពុំធ្លាប់មានពីមុនមក។ ជាមួយគ្នានេះរដ្ឋាភិបាលក៏មានការព្រួយបារម្ភផងដែរថា សេវាសុខាភិបាលនៅតាមទីជនបទ ជាទីដែលមានមនុស្សចាស់ជរាច្រើនបំផុតនោះ អាចនឹងជួបបញ្ហាធំតែម្តង នៅចំពោះមុខការឆ្លងរីករាលដាលជំងឺ COVID-19 នេះ។

គួរជម្រាបថា ប្រទេសជប៉ុនដែលមានប្រជាជនសរុប ១២៦លាននាក់ បានរកឃើញករណីស្លាប់ដោយសារ COVID-19 ត្រឹមតែជាង ២០០នាក់ប៉ុណ្ណោះ ដែលជាចំនួនតិចតួចបំផុត បើប្រៀបធៀបនឹងបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួន ក៏ដូចជាប្រទេសសហរដ្ឋអាមេរិកជាដើម។ ប៉ុន្តែការផ្ទុះឡើងនៃចំនួនអ្នកឆ្លងថ្មីៗនៅទីក្រុងតូក្យូ រយៈពេលចុងក្រោយនេះ វាបានបង្កជាក្តីបារម្ភជាខ្លាំងសម្រាប់មេដឹកនាំជប៉ុន។ គ្រាន់តែថ្ងៃសៅរ៍នេះតូក្យូបានកត់ត្រាករណីឆ្លងថ្មីៗចំនួន ១៨១ករណីបន្ថែម ខណៈកាលពីថ្ងៃសុក្រម្សិលមិញមានរហូតដល់ ២០១ករណី៕