(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០នេះ បានរាយការណ៍ឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសរបស់ខ្លួនបានកើនដល់ ៤៨០នាក់ហើយ ខណៈករណីឆ្លងសរុបវិញបានកើនឡើងដល់ ១៤,៣៧៨ ករណី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលឥណ្ឌាបានឲ្យដឹងយ៉ាងដូច្នេះថា «គិតត្រឹមម៉ោង ០៨៖០០នាទីព្រឹក (ម៉ោងក្នុងតំបន់) ថ្ងៃនេះ ប្រទេសឥណ្ឌាបានកត់ត្រាករណីអ្នកស្លាប់ដោយសារជំងឺ COVID-19 ចំនួន៤១៤នាក់ហើយ» ដោយក្នុងនោះ ២៨ នាក់គឺជាករណីស្លាប់ថ្មី ដែលទើបតែត្រូវបានរាយការណ៍នៅថ្ងៃនេះតែម្តង។

ជាមួយគ្នានេះក្រសួងសុខាភិបាលឥណ្ឌាក៏បានបញ្ជាក់ប្រាប់ផងដែរថា ក្នុងរយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញនេះ ប្រទេសឥណ្ឌា ក៏បានរកឃើញអ្នកឆ្លងថ្មីចំនួន ៥៤៣ ករណីបន្ថែមទៀតដែរ ដែលនាំឲ្យករណីឆ្លងសរុបបានកើនដល់ ១៤,៣៧៨ ករណី ក្នុងនោះអ្នកជំងឺចំនួន១,៩៩២នាក់ ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ។

គួរជម្រាបថា នៅចំពោះមុខការឆ្លងរីករាលដាលនៃជំងឺ COVID-19 អាជ្ញាធរប្រទេសឥណ្ឌាបានចាត់វិធានការបិទប្រទេស តាំងពីថ្ងៃទី ២៥ ខែមីនាមកម៉្លេះ ហើយវិធានការនេះនឹងត្រូវបន្តរហូតដល់ថ្ងៃទី ០៣ ខែឧសភាខាងមុខ។ ចំពោះមុខវិបត្តិ COVID-19 រដ្ឋាភិបាលឥណ្ឌាបាន សម្រេចបែកចែងតំបន់នានានៅក្នុងប្រទេសទៅជា៣ប្រភេទ គឺតំបន់ដែលមានករណីឆ្លងខ្លាំង តំបន់ដែលករណីឆ្លងមិនខ្លាំង និងតំបន់ប៉ៃតងដែលមិនមានករណីឆ្លងសោះ ដើម្បីងាយស្រួលក្នុងការគ្រប់ស្ថានការណ៍ COVID-19៕