(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរីនាថ្ងៃសៅរ៍នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ថ្មី ចំនួនដល់ទៅ៩៤២នាក់ថែមទៀត​។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលសិង្ហបុរី ភាគច្រើននៃករណីថ្មីទាំងនោះ គឺជាពលករបរទេសដែលកំពុងបំពេញការងារ​នៅប្រទេសសិង្ហបុរី ហើយមានតែ១៤ករណីប៉ុណ្ណោះ ដែលជាពលរដ្ឋសិង្ហបុរី និងអ្នកមានទីលំនៅអចិន្ត្រៃយ៍។ ក្រសួងសុខាភិបាលសិង្ហបុរី​បានបញ្ជាក់ក្នុងសេចក្តីប្រកាសនោះថា អាជ្ញាធរពាក់ព័ន្ធកំពុងបន្តការស្រាវជ្រាវលម្អិតទៅលើករណីទាំងនោះ ហើយព័ត៌មានបន្ថែមត្រូវ​ចេញ​ផ្សាយនៅយប់ថ្ងៃសៅរ៍នេះ។

គួរជម្រាបថា ករណីឆ្លងថ្មីខាងលើគឺជាអត្រាអ្នកឆ្លងប្រចាំថ្ងៃកាន់តែខ្ពស់ថ្មីកម្រិតទៀតសម្រាប់សិង្ហបុរី ខណៈចំនួនអ្នកឆ្លង COVID-19 សរុប​នៅក្នុងប្រទេសដីកោះដ៏តូចនេះបានកើនដល់៥,៩៩២នាក់៕