(រ៉ង់ហ្គូន)៖ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ានាថ្ងៃសៅរ៍នេះបានប្រកាសថា អ្នកជំងឺ COVID-19 ម្នាក់ទៀតទើបស្លាប់ ខណៈករណីឆ្លងសរុបកើនដល់ ៩៤នាក់ហើយ នៅក្នុងប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា មនុស្សវ័យចំណាស់ម្នាក់អាយុ ៧៨ឆ្នាំ ដែលមានជំងឺសម្ពាធឈាមខ្ពស់ និងជំងឺទឹកនោមផ្អែមប្រចាំកាយស្រាប់ ត្រូវបានធ្វើតេស្តរកឃើញ COVID-19 កាលពីថ្ងៃសុក្រម្សិលមិញ ហើយក៏បាត់បង់ជីវិតនៅថ្ងៃសៅរ៍នេះម្តង នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យ វ៉ៃបាហ្គី (Waibargi) នៃទីក្រុងរ៉ង់ហ្គូន។

គួរជម្រាបថា ប្រការនេះធ្វើឲ្យចំនួនអ្នកជំងឺ COVID-19 ដែលស្លាប់នៅមីយ៉ាន់ម៉ាកើនដល់ ០៥នាក់។ រីឯចំនួនអ្នកឆ្លងវិញកើនដល់ ៩៤នាក់ បន្ទាប់ពីមនុស្ស ០៩នាក់ទៀត ទើបធ្វើតេស្តឃើញវិជ្ជមានគិតត្រឹមយប់ថ្ងៃសុក្រ។ ប្រទេសអាស៊ានមួយនេះ បានប្រកាសពីការរកឃើញករណីដំបូងនៃអ្នកឆ្លង COVID-19 កាលពីថ្ងៃទី២៣ ខែមីនា គឺក្នុងកំឡុងប្រហាក់ប្រហែលនឹងការប្រកាស ករណីឆ្លងដំបូងនៅឯប្រទេសឡាវដែរ ខណៈនៅឡាវមកទល់ពេលនេះ បានរកឃើញអ្នកឆ្លងត្រឹមតែ ១៩នាក់ ក្នុងនោះ ០២នាក់ជាសះស្បើយ និងពុំមានអ្នកស្លាប់ឡើយ៕