(នីហ្សេរីយ៉ា)៖ អាជ្ញាធរសុខាភិបាលរបស់ប្រទេសនីហ្សេរីយ៉ា បានរាយការណ៍ឲ្យដឹងថា ជំនួយការជាន់ខ្ពស់ម្នាក់របស់លោកប្រធានាធិបតី បានស្លាប់បាត់បង់ជិវិតដោយសារជំងឺ COVID-19 កាលពីថ្ងៃសុក្រម្សិលមិញនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០។

មន្ត្រីជាន់ខ្ពស់ដែលបានទទួលមរណភាពខាងលើនេះមានឈ្មោះថា ម៉ាឡាម អាប់បា ឃីយ៉ារី (Mallam Abba Kyari) អាយុខ្ទង់ ៧០ឆ្នាំ គឺជាមនុស្សដ៏ជិតស្និទ្ធម្នាក់របស់លោកប្រធានាធិបតី ប៊ូហារី (Buhari)។ ជំនួយការកំពូលរបស់ប្រធានាធិបតីរូបនេះ ត្រូវបានគេតេស្តឃើញថា មានផ្ទុកជំងឺ COVID-19 បន្ទាប់ពីលោកត្រឡប់មកពីទស្សនកិច្ចផ្លូវការមួយ នៅប្រទេសអាល្លឺម៉ង់ កាលពីដើមខែមីនាកន្លងទៅនេះ។

គួរជម្រាបថា បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្កាជំងឺនីហ្សេរីយ៉ាបានឲ្យដឹងថា គិតត្រឹមថ្ងៃសុក្រម្សិលមិញ ប្រទេសអាហ្វ្រិកមួយនេះបានកត់ត្រាចំនួនអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤៩៣ករណី ដោយក្នុងនោះអ្នកជំងឺចំនួន១៧នាក់ស្លាប់ ខណៈ១៥៩នាក់ ផ្សេងទៀតបានជាសះស្បើយឡើងវិញ៕