(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីជៀន (Zhao Lijian) កាលពីថ្ងៃសុក្រម្សិលមិញនេះបាននិយាយថា សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការយកជំងឺ COVID-19 ទៅលាយឡំនឹងរឿងនយោបាយទៀត ហើយគួរងាកទៅផ្តោតអារម្មណ៍ លើការយកឈ្នះជំងឺដ៏កាចសាហាវនេះ ក៏ដូចជាប្រឹងស្តារសេដ្ឋកិច្ចវិញ ជាការល្អប្រសើរជាង។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០។

លោក ចាវ បានធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីតសារព័ត៌មានខ្លីមួយ កាលពីថ្ងៃសុក្រម្សិលមិញនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក ម៉ាក អ៊ែស្ពើរ (Mark Esper) បាននិយាយថា «ព័ត៌មានដែលមានប្រភពមពីបក្សកុម្មុយនីស្តចិន គឺពិបាកនឹងឲ្យគេជឿទុកចិត្តណាស់។ ពួកគេបាន និងកំពុងលេងល្បែងបំភាន់ និងបន្លំសហរដ្ឋអាមេរិក»

អ្នកនាំពាក្យរូបនេះបានឆ្លើយតប ទៅកាន់ភាគីសហរដ្ឋអាមេរិកវិញយ៉ាងដូច្នេះថា «ការចោទប្រកាន់ និងលាបពណ៌ចិន មិនអាចជួយអាមេរិកឲ្យលាក់បាំងការពិតរបស់ខ្លួនបានទេ ហើយការស្តីបន្ទោសគ្នា ក៏មិនអាចបណ្តេញវីរុសទៅឲ្យឆ្ងាយបានដែរ... យើងជំរុញឱ្យភាគីសហរដ្ឋអាមេរិក ឲ្យយកចិត្តទុកដាក់បន្ថែមទៀត លើកិច្ចប្រឹងប្រែងយកឈ្នះលើជំងឺ COVID-19 ក៏ដូចជាប្រឹងស្តារសេដ្ឋកិច្ច ឲ្យល្អប្រសើរវិញទើបជារឿងល្អ»

 ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ថា ប្រទេសចិនបានចាត់វិធានការបង្ការ និងគ្រប់គ្រងស្ថានការណ៍ជំងឺ COVID-19 យ៉ាងបើកចំហ និងប្រកបដោយតម្លាភាព និងទំនួលខុសត្រូវបំផុត ចាប់តាំងពីដើមទីដែលមានករណីផ្ទុះឡើង នៃជំងឺនេះដំបូងមកម្ល៉េះ។ ទន្ទឹមនឹងនោះ ប្រទេសចិនក៏បានជំរុញឲ្យមាន កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតសកលនេះផងដែរ។

លោក ចាវ បានចោទជាសំនួរ ទៅកាន់សហរដ្ឋអាមេរិកវិញថា «ប្រសិនបើសហរដ្ឋអាមេរិកត្រូវបានគេបំភាន់ ឬខ្វះព័ត៌មានពិតមែន តែហេតុអ្វីបានជាមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក អាចចេញសេចក្តីប្រកាសឲ្យប្រុងប្រយ័ត្នជាមុន ប្រឆាំងនឹងជំងឺកូរ៉ូណាថ្មី កាលពីថ្ងៃទី ១៥ ខែមករា មកម្ល៉េះនោះ? តើហេតុអ្វីបានជាសហរដ្ឋអាមេរិក សម្រេចចិត្តបិទស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុងវូហាន និងដកបុគ្គលិកទាំងអស់ចេញពីទីនោះតាំងពីថ្ងៃទី ២៥ ខែមករាមកម្ល៉េះ? ហេតុអ្វីកាលពីថ្ងៃទី ០២កុម្ភៈ អាមេរិកហាមឃាត់ការចេញចូលរបស់ជនជាតិចិន និងជនបរទេសដទៃទៀត ដែលនៅរស់នៅប្រទេសចិន ក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយ?»