(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha នៅថ្ងៃសុក្រនេះ បានអំពាវនាវឲ្យមហាសេដ្ឋីដែលជាអ្នកមានទ្រព្យសម្បត្តិបំផុត ចំនួន២០រូប របស់ប្រទេសជួយដោះស្រាយផលប៉ះពាល់ ដោយសារការធ្លាក់ចុះផ្នែកសេដ្ឋកិច្ច ដែលបណ្តាលមកពីការរាតត្បាត ពីវីរ៉ុសកូវីដ១៩, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ។

ថ្លែងសារតាមរយៈទូរទស្សន៍, លោក Prayut មិនបានបញ្ជាក់ច្បាស់ថា តើលោកចង់ឲ្យជួយអ្វីនោះទេ ដោយគ្រាន់តែលើកឡើងថា លោកនឹងផ្ញើលិខិតចំហមួយ ទៅកាន់មហាសេដ្ឋី២០រូប នៅសប្តាហ៍ក្រោយ។

លោកនាយករដ្ឋមន្ត្រី លើកឡើងថា «មហាសេដ្ឋីថៃ គឺជាមនុស្សមានឥទ្ធិពល នៅក្នុងវិស័យសេដ្ឋកិច្ចរបស់ប្រទេស ហើយមហាសេដ្ឋីមួយចំនួន គឺជាប់ជាអ្នកមានបំផុត នៅក្នុងពិភពលោកផងដែរ។ ខ្ញុំស្នើឲ្យពួកគេដើរតួនាទីសំខាន់ ក្នុងការធ្វើការងារជាមួយគ្នា ដើម្បីជួយប្រទេសដែលកំពុងជួបការលំបាក»។

សូមជម្រាបថា ថៃ ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងវីរ៉ុសចំនួន២,៧០០ករណី និងមានមនុស្ស៤៧នាក់បានស្លាប់ ហើយសេដ្ឋកិច្ចនៃប្រទេស បានដួលរលំ ដោយសារការខាតបង់នៃពាណិជ្ជកម្ម និងវិស័យទេសចរណ៍ ព្រមទាំងការដាក់កំហិត នៃការធ្វើដំណើរ នៅក្នុងប្រទេសមានភាពធ្ងន់ធ្ងរ៕