(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃពុធនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន ៣០ ករណីបន្ថែមទៀត និងអ្នកស្លាប់២នាក់។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០។

លោក ថាវីស៊ីន វីសានុយុទ្ធិន (Taweesin Wisanuyothin) អ្នកនាំពាក្យអង្គភាពប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងប្រទេសថៃ បានគូសបញ្ជាក់ថា ក្នុងចំណោម ករណីឆ្លងថ្មីទាំង ៣0ករណីខាងលើ មាន ១៩ ករណីមានទំនាក់ទំនងនឹងករណីឆ្លងមុនៗ និង ០៣ករណី មិនមានទំនាក់ទំនងនឹងករណីពីមុនៗមកទេ។ ដោយឡែក ០១ ករណីក្នុងចំណោមពួកគេនោះទៀតសោត គឺធ្លាប់បានស្ថិតក្នុងស្ថានភាពដាច់ដោយឡែក ខណៈ០៧ករណីកំពុងស្ថិតនៅក្រោមការស៊ើបរកប្រភពនៅឡើយ។

គួរជម្រាបថា ចាប់តាំងពីមានការផ្ទុះឡើង នៃការឆ្លងរីករាលជំងឺ COVID-19 កាលពីដើមខែមករាមកន្លងទៅនេះ ប្រទេសថៃបានកត់ត្រាចំនួនអ្នកឆ្លងសរុបចំនួន ២,៦៤៣ ករណី ដោយក្នុងនោះអ្នកជំងឺចំនួន ៤៣ នាក់បានស្លាប់ ខណៈ ១,៤៩៧ នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញ៕