(តូក្យូ)៖ អ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសជប៉ុន អាចនឹងកើនដល់ ៤០០,០០០នាក់ បើសិនជាមិនមានវិធានការគ្រប់គ្រង ឬទប់ស្កាត់ COVID-19 ទេនោះ។ នេះបើតាមការប៉ាន់ស្មានមួយរបស់ក្រសួងសុខាភិបាលជប៉ុន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០។

ការប៉ាន់ស្មានខាងលើ ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានជប៉ុន Kyodo និង Asahi ធ្វើឡើងដោយក្រុមការងារមួយនៃក្រសួងសុខាភិបាលជប៉ុន ដែលកំពុងសិក្សា ពីការឆ្លងជាចង្កោម ក៏បានអះអាងដែរថា ករណីអ្នកឆ្លង COVID-19 មានរោគសញ្ញាធ្ងន់ធ្ងរត្រូវការឧបករណ៍ដកដង្ហើម (ventilator) អាចនឹងហក់ឡើងដល់ ៨៥០,០០០នាក់ នៅក្នុងករណីគ្មានវិធានការទប់ស្កាត់ដូចគ្នា។

គួរជម្រាបថា ក្រុមការងារនៃក្រសួងសុខាភិបាលជប៉ុន ធ្វើការវាយតម្លៃបែបនេះ គឺផ្អែកលើការសិក្សាស្រាវជា្រវមួយពីសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ ហុកកៃដូ (Hokkaido University) និងជាអ្នកជំនាញផ្នែកជំងឺឆ្លង លោក Hiroshi Nishiura ។ ក៏ប៉ុន្តែ ខាងក្រសួងសុខាភិបាលជប៉ុន ទាន់អត្ថាធិប្បាយអ្វីជុំវិញការចេញផ្សាយ របស់សារព័ត៌មានជប៉ុនទាំងពីរខាងលើនោះទេ។

លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ កាលពីសប្ដាហ៍មុន បានប្រកាសដាក់ទីក្រុងតូក្យូ និងខេត្ត ៦ផ្សេងទៀត ក្នុងគ្រាអាសន្នរយៈពេល១ខែ ជាមួយការ អនុម័តកញ្ចប់ថវិកាទ្រទ្រង់សេដ្ឋកិច្ច ជិត១ទ្រីលានដុល្លារ បន្ទាប់ពីករណីឆ្លង COVID-19 កើនឡើងជាបន្តបន្ទាប់។ បច្ចុប្បន្ន ជប៉ុន មានអ្នកឆ្លង COVID-19 ៨,១០០នាក់ ក្នុងនោះស្លាប់ ១៤៦នាក់ និងជាសះស្បើយ ៨៥៣នាក់៕