(វ៉ាស៊ីនតោន)៖ វាពិតជារឿងគួរឲ្យសោកសង្រែងមួយ ពេលបានឃើញរូបភាពពីរសន្លឹកបង្ហាញឲ្យឃើញសាកសពអ្នកជំងឺ COVID-19 ដែលត្រូវបានគេថតបានចេញពីមន្ទីរពេទ្យក្នុងទីក្រុង Detroit របស់សហរដ្ឋអាមេរិក ដែលកំពុងរងរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុតដោយសារ ជំងឺដ៏សាហាវនេះ។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នាថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០។

ក្នុងនោះ រូបភាពមួយ បានបង្ហាញពីសាកសពមនុស្ស២នាក់ ដែលច្រកក្នុងថង់ត្រូវបានគេដាក់នៅលើគ្រែ និងសពម្នាក់ទៀតត្រូវគេដាក់ បន្តុបលើកៅអីក្បែរនោះ នៅក្នុងបន្ទប់ទំនេរមួយ ដែលត្រូវបានប្រើប្រាស់ជាកន្លែងផ្ទុកសាកសពអ្នកជំងឺ COVID-19 ព្រោះកន្លែងស្តុកសព ផ្លូវការរបស់មន្ទីរពេទ្យពេញអស់។ បើតាមសេចក្តីរាយការណ៍ បន្ទប់នោះដើមឡើយ ត្រូវប្រើប្រាស់ជាកន្លែងសម្រាប់សិក្សាពីទម្លាប់នៃការ គេង។

ចំណែកឯរូបភាពមួយទៀត បានបង្ហាញពីរូបភាពសាកសពជាច្រើនដែលច្រកក្នុងថង់ និងដាក់គរលើគ្នាពាសពេញនៅក្នុងបន្ទប់ក្លាសេតូច ចង្អៀតមួយ នៅខាងក្រៅមន្ទីរពេទ្យខាងលើ ដែលត្រូវបានប្រើជាកន្លែងដាក់សាកសព។ រូបភាពទាំងពីរនេះ ត្រូវបានផ្តល់ទៅឲ្យទូរទស្សន៍ CNN ហើយត្រូវបានបញ្ជាក់ថា គឺជាទិដ្ឋភាពពិតដោយបុគ្គលិកពេទ្យពីរនាក់ផ្សេងទៀត ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

គួរជម្រាថា បើតាមគេហទំព័រ Worldmeters.info បានឲ្យដឹងថា សហរដ្ឋអាមេរិកគិតត្រឹមម៉ោងនេះ បានកត់ត្រាចំនួនអ្នកឆ្លងជំងឺ COVID-19 រហូតដល់ ៦១៤,២៤៦ ករណី ដោយក្នុងនោះអ្នកជំងឺ ២៦,០៦៤ នាក់ស្លាប់បាត់បង់ជីវិត ខណៈ ៣៨,៨២០ នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញ៕