(បាងកក)៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០នេះ បានសម្រេចចិត្តបន្តហាមឃាត់ អ្នកដំណើរតាមជើងហោះហើរ ចូលមកក្នុង ប្រទេសរបស់ខ្លួន រហូតដល់ចុងខែមេសា ដើម្បីទប់ស្កាត់ COVID-19 ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ការហាមឃាត់អ្នកដំណើរតាមជើងហោះហើរ ចូលមកក្នុងប្រទេសថៃ ត្រូវបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី៤ ខែមេសា និងត្រូវបានពន្យារពេលម្ដងរួចមកហើយ រហូតដល់ថ្ងៃទី១៨ ខែមេសា។ បច្ចុប្បន្ន ថៃមានអ្នកឆ្លង COVID-19 ២,៦៤៣នាក់ និងស្លាប់៤៣នាក់ ខណៈ១,៤៩៧នាក់ ជាសះស្បើយឡើងវិញ ព្រមទាំងត្រូវបាន អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

គួរជម្រាបថា កាលពីដើមខែមេសា ក្រសួងមហាផ្ទៃថៃ បានប្រកាសថានឹងបើកព្រំដែនឡើងវិញ នៅក្នុងខេត្តចំនួន២១ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដើម្បីអនុញ្ញាតឱ្យ ពលរដ្ឋថៃ នៅតាមបណ្ដាប្រទេសជិតខាង ត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីបានបិទព្រំដែនកាលពីចុងខែមីនាកន្លងទៅ។ បើតាមក្រសួងមហាផ្ទៃថៃ មនុស្ស១០០នាក់ នឹងត្រូវបានអនុញ្ញាតឱ្យចូលមកក្នុងទឹកដីថៃ តាមប៉ុស្តន៍ត្រួតពិនិត្យព្រំដែននីមួយៗ ក្នុងមួយថ្ងៃ តែពួកគេនឹងត្រូវអនុវត្តវិធានការស្ថិតនៅ ដាច់ដោយឡែក១៤ថ្ងៃ៕