(ឡុងដ៍)៖ ផលិតផលនៅក្នុងស្រុកសរុប (GDP) របស់ចក្រភពអង់គ្លេស អាចនឹងធ្លាក់ចុះពី ២៥ ដល់៣០ភាគរយ នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២០ នេះ ដោយសារតែ COVID-19។ នេះបើតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុចក្រភពអង់គ្លេស លោក Rishi Sunak ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០។

លោក Rishi Sunak ធ្វើការកត់សម្គាល់បែបនេះ កំឡុងកិច្ចពិភាក្សាជាមួយក្រុមមន្ត្រីរបស់លោក ជុំវិញផលប៉ះពាល់លើសេដ្ឋកិច្ចដែលបង្កឡើងដោយ COVID-19 ខណៈសមាជិកគណៈរដ្ឋមន្ត្រីអង់គ្លេសខ្លះ ស្នើឱ្យមានការបន្ធូរបន្ថយវិធានការបិទប្រទេស នៅខែឧសភា ខាងមុខនេះ។

គិតត្រឹមរសៀល ថ្ងៃអាទិត្យ ម្សិលមិញ ក្រសួងសុខាភិបាល និងថែទាំសង្គមចក្រភពអង់គ្លេស បានប្រកាសថាចំនួនអ្នកស្លាប់ដោយសារ COVID-19 សរុប បានកើនដល់ ១០,៦១២នាក់ និងឆ្លងជាង ៨៤,២៧៩នាក់។ ចំណែកឯ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ហើយ និងបន្តសម្រាកព្យាបាលក្រោមស្ថានភាពជាសះស្បើយឡើញវិញ នៅឯ Chequers ដែលជាគេហដ្ឋាននាយករដ្ឋមន្ត្រីអង់គ្លេស នៅឯជនបទ៕