(ដាម៉ាស)៖ ស្របពេលដែលបណ្តាប្រទេសអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងតែតស៊ូប្រយុទ្ធនឹងជំងឺរាតត្បាតសកល COVID-19 អ្នកជំនាញបានព្រមានថា គ្រោះមហន្តរាយដូចគ្នានេះ អាចនឹងកើតមានក្នុងប្រទេសស៊ីរី ដែលបាននិងកំពុងហែកហួរដោយសង្គ្រាមផ្ទៃក្នុង ជាយូរឆ្នាំកន្លងមកនេះ ខណៈប្រព័ន្ធសុខាភិបាល និងអនាម័យនៅទីនោះមានភាពទន់ខ្សោយជាខ្លាំង។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០។

បើតាមតួលេខផ្លូវការនៃចំនួនអ្នកឆ្លងជំងឺ COVID-19 មានត្រឹមតែ ១៩ករណីប៉ុណ្ណោះ នៅទូទំាងប្រទេស ដោយក្នុងនោះ ០២នាក់បានស្លាប់។ ប៉ុន្តែលទ្ធភាពរបស់ប្រទេសនេះ ក្នុងការធ្វើតេស្តមានត្រឹមតែ ១០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយជាងពាក់កណ្តាលត្រូវបានធ្វើ នៅក្នុងរដ្ឋធានីដាម៉ាសតែម្តង។

ក្រុមអ្នកជំនាញផ្នែកសុខាភិបាល បានចោទប្រកាន់រដ្ឋាភិបាលក្រុងដាម៉ាសថា បានលាក់បាំងចំនួនពិតប្រាកដ នៃអ្នកស្លាប់ដោយសារជំងឺ COVID-19 ក្រុមហេតុផលនយោបាយ។ លោក ហ្សាគី ម៉េហ៍ឈី (Zaki Mehchy) ដែលជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកសុខាភិបាលរបស់អង់គ្លេស បានលើកឡើងថា «បុគ្គលិកពេទ្យជឿជាក់ថា មានមនុស្សជាច្រើនបានស្លាប់នៅប្រទេសស៊ីរី ដោយមានរោគសញ្ញាជំងឺផ្លូវដង្ហើមថ្មី។ ប៉ុន្តែភ្នាក់ងារសន្តិសុខរបស់ប្រទេសនេះ មិនឲ្យពួកគេនិយាយ ជាពិសេសគឺតាមប្រព័ន្ធសផ្សព្វផ្សាយសង្គម»។

ទន្ទឹមគ្នានោះ ក្រុមអ្នកជំនាញមួយក្រុមផ្សេងទៀតបានអះអាងថា ហានិភ័យនៃជំងឺរាតត្បាតសកលមួយនេះ នឹងនាំឲ្យមានការថយចុះ នៃជំនួយមនុស្សធម៌ទៅកាន់ប្រទេស ដែលបានហែកហួរដោយសារសង្រ្គាមនេះ។ ព្រោះថាបណ្តាប្រទេសម្ចាស់ជំនួយទាំងនោះ កំពុងផ្តោតសំខាន់លើការស្តារសេដ្ឋកិច្ច របស់ខ្លួនឡើងវិញ។ លោក ហូខាយ៉េម (Hokayem) ដែលជាសមាជិកជាន់ខ្ពស់សម្រាប់សន្តិសុខមជ្ឈិមបូព៌ា បានលើកឡើងថា «ជាមួយនឹងការយកចិត្តទុកដាក់លើការស្តារឡើងវិញនូវសេដ្ឋកិច្ចក្នុងប្រទេស វានឹងមានការលំបាកជាខ្លាំង ក្នុងប្រតិបត្តិការមនុស្សធម៌នៅបរទេស»៕