(ញូយ៉ក)៖ មិត្តភក្តិមួយរូបរបស់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងជាមហាសេដ្ឋីអចលនទ្រព្យអាមេរិកដ៏មានឥទ្ធិពលម្នាក់ផងដែរ ក្នុងទីក្រុងញូយ៉កគឺលោក ស្ទេនលី ឆឺរ៉ា (Stanley Chera) បានទទួលមរណភាពហើយក្នុងវ័យ ៧៨ឆ្នាំ ដោយសារតែស្ថានភាពសុខភាព លោកបានចុះទ្រុឌទ្រោមខ្លាំង ក្រោយឆ្លងជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០។

ព័ត៌មានអំពីមរណភាពរបស់លោក Stanley Chera ត្រូវបានរាយការណ៍មុនគេ ដោយអ្នកសារព័ត៌មានមួយរូបឈ្មោះ យ៉ាហ្សា អាលី (Yashar Ali)។ ដោយឡែកបើតាមសារព័ត៌មាន
ញូយ៉កប៉ុស្តិ៍ (The New York Post) លោក Chera បានសម្រាកព្យាបាល ក្រោមស្ថានភាពសន្លប់ស្ដូកស្ដឹងនៅឯមន្ទីរពេទ្យ ដោយមានផ្ទុកជំងឺ COVID-19 ចាប់តាំងពីថ្ងៃទី២៤ ខែមីនា មកម្ល៉េះ។

លោក Stanley Chera ត្រូវបានគេដឹងថា គឺជាអ្នកឧបត្ថម្ភដ៏ធំរបស់គណបក្សសាធារណរដ្ឋ និងជាមិត្តម្នាក់របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ មហាសេដ្ឋីអចលទ្រព្យរូបនេះ ធ្លាប់បានបរិច្ចាគប្រាប់សរុប ៤០២,៨០០ដុល្លារដល់លោក ត្រាំ ផងដែរ៕