(សេអ៊ូល)៖ កូរ៉េខាងត្បូងនាថ្ងៃចន្ទនេះបានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ត្រឹម ២៥នាក់ថ្មីប៉ុណ្ណោះ ដែលជាអត្រាទាបថែមមួយកម្រិតទៀត ប៉ុន្តែជាមួយគ្នានេះអ្នកជំងឺ ០៣នាក់ក៏ទើបតែបាត់បង់ជីវិតបន្ថែមផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០។

អត្រាអ្នកថ្មីនៅប្រទេសកូរ៉េខាងត្បូង ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានបន្តស្ថិតនៅក្រោម ៤០ករណី ដោយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន មាន ៣៩ករណី, ថ្ងៃសុក្រមាន ២៧ករណី, ថ្ងៃសៅរ៍មាន ៣០ករណី, ថ្ងៃអាទិត្យមាន ៣២ករណី។ ក្នុងចំណោម ២៥ករណីថ្មី ដែលប្រកាសនាព្រឹកថ្ងៃចន្ទនេះ មាន ១៦ករណីជាប្រភេទករណីនាំចូលពីក្រៅប្រទេស។

យោងតាមតួលេខនាថ្ងៃចន្ទនេះ ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូងបានកើនដល់ ១០,៥៣៧នាក់ ក្នុងនោះស្លាប់សរុប ២១៧នាក់ និងជាសះស្បើយសរុប ៧,៤៤៧នាក់ ក្រោយអ្នកជំងឺ ៧៩នាក់ទៀត ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។

គួរជម្រាបថា សម្រាប់ករណីឆ្លងជាង ១០,០០០នាក់ខាងលើនៅកូរ៉េខាងត្បូង លើកលែង ៣០ករណីដំបូងប៉ុណ្ណោះ គឺត្រូវរាយការណ៍ចាប់តាំងតែពីថ្ងៃទី១៨ ខែកុម្ភៈ ជាពេលដែលបានចាប់ផ្តើមមានការផ្ទុះរាលដាលជំងឺនេះខ្លាំង ពាក់ព័ន្ធនឹងព្រះវិហារគ្រិស្តសាសនាមួយ ក្នុងទីក្រុងដេគូ។ ដោយឡែកបើគិតចាប់តាំងពីថ្ងៃទី០៣ ខែមករាមកវិញ កូរ៉េខាងត្បូងបានធ្វើតេស្តរក COVID-19 លើមនុស្សលើសពី ៥១៨,០០០នាក់ ក្នុងនោះ ៤៩៤,៨១៥នាក់ទទួលបានលទ្ធផល «អវិជ្ជមាន» ខណៈ ១៣,៣៩១នាក់កំពុងបន្តស្ថិតក្រោមការពិនិត្យរក COVID-19៕