(សេអ៊ូល)៖ សភាកូរ៉េខាងជើងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានបើកកិច្ចប្រជុំមួយតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រមុខដឹកនាំកំពូល លោក គីម ជុងអ៊ុន ដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយនៃគណបក្សពលករ ជាពេលដែលលោកអំពាវនាវឱ្យមានរឹតបន្តឹង វិធានការទប់ស្កាត់ការឆ្លងជំងឺ COVID-19។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទនេះ បានចេញផ្សាយរូបថតជាច្រើនសន្លឹក ដោយបង្ហាញពីសមាជិកសភារាប់រយនាក់ អង្គុយជិតគ្នាដោយមិនបានពាក់ ម៉ាស ឬក៏អនុវត្តនូវវិធានការបង្ការ COVID-19 ណាមួយនៅឡើយទេ ដែលនេះទំនងជាចង់បញ្ជាក់ប្រាប់ពិភពលោកថា កូរ៉េខាងជើងគ្មានការភ័យខ្លាច ហើយក៏មិនមានករណីឆ្លងជំងឺនេះ នៅក្នុងប្រទេសរបស់ខ្លួននោះដែរ។ KCNA បានបន្ថែមទៀតថា វិធានការប្រកាសភាពអាសន្នប្រឆាំងនឹង COVID-19 នឹងត្រូវបន្តអនុវត្ត ក៏ដូចជារឹតបន្តឹងកាន់តែខ្លាំង ជាមួយការផ្ដោតជាសំខាន់លើអាយុជីវិត និងសុវត្ថិភាពប្រជាជនកូរ៉េខាងជើង។

គួរជម្រាបថា បើតាមអង្គការសុខភាពពិភពលោក WHO កូរ៉េខាងជើង បានធ្វើតេស្ដលើប្រជាជនយ៉ាងតិច ៧០០នាក់ និងបានដាក់មនុស្សច្រើនជាង ៥០០នាក់ ឱ្យនៅដាច់ដោយឡែកពីគេ។ ប្រទេសឯកោមួយនេះមិនបានរាយការណ៍ពីការរកឃើញការឆ្លង COVID-19 សូម្បីតែមួយករណី ខណៈជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ កំពុងលុកលុយប្រទេស និងដែនដីជាង ២១០នៅជុំវិញពិភពលោក៕