(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍នេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ខ្លួនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៣០ករណីបន្ថែមទៀត នៅទូទាំងប្រទេស ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីខាងកើតមួយនេះកើនដល់ ១០,៤៨០ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០។

កូរ៉េខាងត្បូងដែលធ្លាប់ត្រូវបានគេចាត់ទុកថា ជាប្រទេសដែលបានរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដោយសារជំងឺ COVID-19 នៅអាស៊ីបន្ទាប់ពីចិននោះ ឥឡូវនេះបានស្គាល់នូវអត្រា អ្នកឆ្លងថ្មីៗប្រចាំថ្ងៃស្ថិតក្នុងរង្វង់ ៥០ករណីសម្រាប់រយៈពេល ០៦ថ្ងៃជាប់ៗគ្នាមកហើយ។

ដោយកាលពីថ្ងៃសុក្រម្សិលមិញនេះ ករណីឆ្លងថ្មីមានត្រឹមតែ ២៧ករណីប៉ុណ្ណោះ ដែលជាចំនួនទាបជាងគេ ក្នុងរយៈពេល ០៦ថ្ងៃមកនេះ។ សម្រាប់ករណីឆ្លងថ្មីៗនាប៉ុន្មាន ថ្ងៃចុងក្រោយនេះទៀតសោត គឺមានមួយចំនួនជាករណីនាំចូលពីប្រទេសខាងក្រៅ តួយ៉ាងដូចជាករណីឆ្លងថ្មីៗទាំង ៣០ករណី ដែលបានរាយការណ៍ នៅថ្ងៃសៅរ៍នេះជាដើម គឺមាន ១២ករណីជាករណីនាំចូលពីក្រៅប្រទេស។

ទន្ទឹមនឹងនោះ អាជ្ញាធរកូរ៉េខាងត្បូងក៏បានគូសបញ្ជាក់ផងដែរថា សម្រាប់រយៈពេលដដែលខាងលើនេះ កូរ៉េខាងត្បូងក៏បានរកឃើញអ្នកជំងឺ ដែលជាសះស្បើយឡើងវិញចំនួន ១២៦ នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបបានកើនដល់ ៧,២៤៣ករណីនៅទូទាំងប្រទេស ខណៈចំនួនអ្នកស្លាប់សរុបវិញមានត្រឹមតែ ២១១នាក់ប៉ុណ្ណោះដោយក្នុងនោះ ០៣នាក់ទើបតែត្រូវបានរាយការណ៍ នៅព្រឹកថ្ងៃសៅរ៍នេះ។

គួរជម្រាបថា ទោះបីជាកូរ៉េខាងត្បូង បានក្លាយជាប្រទេសមានភាពធូរស្រាល ជាក់ស្តែងពីការវាយប្រហារដោយជំងឺ COVID-19 បន្តិចទៅហើយក្តី ក៏ប្រទេសនេះ នៅតែមិនបន្ធូរដៃក្នុងការតាមដាន និងធ្វើតេស្តរកអ្នកឆ្លងនោះដែរ ព្រោះមួយរយៈចុងក្រោយនេះ ករណីនាំចូលជំងឺពីក្រៅប្រទេស និងការកើតមានករណីឆ្លងជាចង្កោមតូចៗ នៅតែបន្តកើតមានឡើង៕