(តូក្យូ)៖ អាជ្ញាធរទីក្រុងតូក្យូ និងរដ្ឋាភិបាលកណ្ដាលជប៉ុន បានឈានដល់កិច្ចព្រមព្រៀងមួយ បញ្ចប់ការខ្វែងគំនិតគ្នា ថាតើអាជីវកម្មនានា ត្រូវបិទទ្វារយ៉ាងដូចម្ដេច កំឡុងវិធានការប្រកាសភាពអាសន្នរយៈពេលមួយខែ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០។

ការខ្វែងគំនិតគ្នាជាមួយអភិបាលក្រុងតូក្យូ លោកស្រី Yuriko Koike បានបង្ហាញថា ផែនការរបស់លោក អាបេ ក្នុងការបន្ធូរបន្ថយការខូចខាតសេដ្ឋកិច្ច ដែលអាចនឹង កើតចេញពីវិធានការប្រកាសភាពអាសន្ន ហាក់ដូចជាមានភាពយឺតពេលបន្តិចទៅហើយ ដើម្បីប្រយុទ្ធជាមួយ COVID-19។ តែជាទោះបែបនេះក្ដី លោកស្រី Koike បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រី និងរដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុន លោក Yasutoshi Nishimura បានឈានដល់កិច្ចព្រមព្រៀងមួយ ដែលត្រូវ បានគេរំពឹងថាអាចនឹងត្រូវប្រកាស នៅក្នុងសន្និសីទសារព័ត៌មានមួយថ្ងៃសុក្រនេះ។

នៅក្នុងកិច្ចព្រមព្រៀងនេះទៀតសោត លោកស្រី បានស្នើឱ្យបិទទីតាំងលេងហ្គេម pachinko និងហាងកាហ្វេអ៉ីនធើណិត ហើយតម្រូវឱ្យភោជនីយដ្ឋាន បន្ថយម៉ោង បើកអាជីវកម្មរបស់ពួកគេ។ ប៉ុន្តែ លោកស្រី Koike បានទទូចឱ្យរដ្ឋាភិបាលកណ្ដាល អនុញ្ញាតឱ្យផ្សារទំនើប ហាងលក់គ្រឿងសង្ហារិម និងហាងកាត់សក់ បន្តបើកទ្វារដដែល ហើយលោកស្រីផ្ទាល់ចង់ឱ្យវិធានការទាំងនេះចូលជាធរមាននៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ។

គួរជម្រាបថា លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ កាលពីថ្ងៃអង្គារ បានប្រកាសដាក់ទីក្រុងតូក្យូ និងខេត្ត ៦ផ្សេងទៀត ក្នុងគ្រាអាសន្នរយៈពេល១ខែ ជាមួយការ អនុម័តកញ្ចប់ថវិកាទ្រទ្រង់សេដ្ឋកិច្ច ជិត១ទ្រីលានដុល្លារ បន្ទាប់ពីករណីឆ្លង COVID-19 កើនឡើងជាបន្តបន្ទាប់។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ម្សិលមិញ ជប៉ុន មានអ្នកឆ្លង COVID-19 ៥,៥៤៨នាក់ ក្នុងនោះ ១,៥១៩នាក់ ត្រូវបានរាយការណ៍នៅក្នុងទីក្រុងតូក្យូ ខណៈ១០៨នាក់បានស្លាប់៕