(ប៉េកាំង)៖ ទោះបីជាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រទេសចិនកាន់តែធូរស្បើយខ្លាំង និងថ្ងៃខ្លះគ្មានអ្នកឆ្លង ឬស្លាប់ថ្មី ដោយសារតែជំងឺ COVID-19 សូម្បីតែមួយករណីក៏ដោយ ប៉ុន្តែករណីនាំចូលជំងឺនេះពីក្រៅប្រទេសវិញ ហាក់កំពុងកើនឡើងជាលំដាប់។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០។

នៅក្នុងរយៈពេលពេញមួយថ្ងៃពុធម្សិលមិញនេះ ប្រទេសចិនបានរកឃើញករណីឆ្លងជំងឺ COVID-19 សរុបចំនួន ៦៣ករណីថ្មីទៀត ក្នុងនោះ ៦១ករណីជាករណីនាំចូលពីក្រៅប្រទេស និង ០២ករណីទៀតកើតឡើងនៅក្នុងស្រុកផ្ទាល់។

គួរបញ្ជាក់ថា មន្ត្រីជំនាញចិនក៏បានព្រមានផងដែរ ឲ្យអាជ្ញាធរគ្រប់ច្រកល្ហកមានការប្រុងប្រយ័ត្ន ចំពោះករណីនាំចូលជំងឺ COVID-19 ពីក្រៅប្រទេស ដែលវាអាចនឹងបង្កឲ្យចិនជួបបញ្ហាធំឡើងវិញ។ បើតាមតួលេខចុងក្រោយពីអាជ្ញាធរសុខាភិបាលចិន ករណីឆ្លង COVID-19 ក្នុងប្រទេសនេះបានកើនឡើងដល់៨១,៨៦៥ករណី ក្នុងនោះស្លាប់សរុប៣,៣៣៥នាក់ (ពីរនាក់ថ្មីទៀតបាត់បង់ជីវិតកាលពីថ្ងៃពុធ) និងជាសះស្បើយសរុប៧៧,៣៧០នាក់ (៩១នាក់ទៀតទើបចេញពីពេទ្យ កាលពីថ្ងៃពុធ)៕