(ម៉ានីល)៖ ក្រសូងសុខាភិបាលហ្វីលីពីននាថ្ងៃពុធនេះបានទទួលស្គាល់ថា បុគ្គលិកសុខាភិបាលនៅក្នុងប្រទេសហ្វីលីពីន រួមមានទាំងវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា សរុបច្រើនជាង២៥០នាក់ បានឆ្លងជំងឺ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN Philippines នៅថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលហ្វីលីពីន បុគ្គលិកសុខាភិបាលសរុប២៥២នាក់ ត្រូវបានធ្វើតេស្តឃើញវិជ្ជមាន នៃ COVID-19 ហើយក្នុងនោះ ៦៥ភាគរយឬស្មើនឹង១៥២នាក់ គឺជាវេជ្ជបណ្ឌិត រីឯ២៥ភាគរយឬ៦៣នាក់ គឺជាគិលានុបដ្ឋាយិកា។ មិនតែប៉ុណ្ណោះ បុគ្គលិកសុខាភិបាល១២នាក់ក៏បានបាត់បង់ជីវិតផងដែរ។

នេះគឺជាលើកដំបូងបំផុតដែលក្រសួងសុខាភិបាលហ្វីលីពីន បានចេញរបាយការណ៍ផ្លូវការទាក់ទងចំនួនបុគ្គលិកផ្នែក សុខាភិបាលរបស់ខ្លួន ដែលបានឆ្លងជំងឺ COVID-19។

យ៉ាងណាមិញ តួលេខបុគ្គលិកសុខាភិបាលដែលបានបាត់បង់ជីវិតរបស់ ក្រសួងសុខាភិបាលហ្វីលីពីន គឺមានភាពខុសគ្នាជាមួយ តួលេខ ដែលសមាគមគ្រូពេទ្យហ្វីលីពីនបានអះអាងនាពេលកន្លងទៅ ដែលថាមានវេជ្ជបណ្ឌិត១៧នាក់បានបាត់បង់ជីវិត ដោយសារ COVID-19 ព្រោះតែការខ្វះខាត សម្ភារៈការពារ។ យ៉ាងណាមិញ អាជ្ញាធរសុខាភិបាលហ្វីលីពីន បានចាប់ផ្តើមទិញគ្រឿងបរិក្ខាសម្រាប់ការពារខ្លួនជាច្រើន ដើម្បី ចែកចាយតាមមន្ទីរពេទ្យ។

គួរជម្រាបថា សម្រាប់ចំនួនអ្នកឆ្លង COVID-19 សរុបនៅទូទាំងប្រទេសហ្វីលីពីន នៅថ្ងៃពុធនេះគឺបានកើនដល់៣,៨៧០នាក់ ក្នុងនោះស្លាប់១៨២នាក់ និងជាសះស្បើយ៩៦នាក់៕