(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃនាថ្ងៃពុធនេះ បានប្រកាសឲ្យដឹងពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មី ចំនួន១១១នាក់ រួមជាមួយនិង អ្នកជំងឺ៣នាក់ទៀតដែលបានស្លាប់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០។

នៅក្នុងចំណោម១១១ករណីថ្មីនោះ មាន៤២ករណីជាករណីឆ្លងនាំចូលមកពីខាងក្រៅ គឺជនជាតិថៃមួយក្រុមដែលទើបត្រឡប់មកពីប្រទេស ឥណ្ឌូណេស៊ី។ ៦៩ករណីទៀតជាករណីឆ្លងនៅក្នុងប្រទេសផ្ទាល់ ដែលជាហេតុធ្វើឲ្យអាជ្ញាធរថៃបន្តទទូចឲ្យប្រជាជនបង្កើនការប្រុងប្រយ័ត្ន និងស្នាក់នៅក្នុងផ្ទះឲ្យបានច្រើនបំផុត តាមតែអាចធ្វើទៅបាន។ ១១១ករណីថ្មីដែលប្រកាសនៅថ្ងៃពុធនេះ គឺជាការកើនឡើងខ្ពស់ធៀបនឹង ចំនួនករណីថ្មីដែលត្រូវបានប្រកាសកាលពីថ្ងៃអង្គារ ដែលមានត្រឹម៣៨នាក់។

រីឯអ្នកជំងឺ៣នាក់ដែលទើបតែបាត់បង់ជីវិត សុទ្ធតែជាជនជាតិបរទេស ក្នុងនោះរួមមានជនជាតិរុស្ស៊ីអាយុ៤៨ឆ្នាំ ជនជាតិឥណ្ឌាអាយុ៦៩ឆ្នាំ និងជនជាតិអាមេរិកអាយុ៦៩ឆ្នាំ។

គួរជម្រាបថា បូកបន្ថែមជាមួយករណីខាងលើ ចំនួនអ្នកឆ្លងសរុបនៃ COVID-19 នៅទូទាំងប្រទេសថៃ បានកើនដល់២,៣៦៩នាក់ ក្នុងនោះ ១, ២២៣នាក់នៅទីក្រុងបាងកក, ១៤១នាក់នៅខេត្ត Nonthaburi, ១៤០នៅខេត្ត Phuket, ១០២នាក់នៅខេត្ត Samut Prakan, ៧០នាក់នៅខេត្ត Chon Buri, ៦៨នាក់នៅខេត្ត Yala, ៥៥នាក់នៅខេត្ត Pattani, ៤៧នាក់នៅខេត្ត Songkhla, ៣៩នាក់នៅខេត្ត Chiang Mai, ២៧នាក់នៅខេត្ត Pathum Thani។ ក្នុងចំណោមអ្នកដែលឆ្លងទាំងអស់នោះ ៣០នាក់ហើយបានបាត់បង់ជីវិត ខណៈ៨៨៨នាក់បានជាសះស្បើយឡើងវិញ៕