(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទើបតែបានដកតំណែងមន្រ្តីផ្នែកស៊ើបអង្កេតម្នាក់ ដែលមានតួនាទីត្រួតពិនិត្យលើវិធានការឆ្លើយតប របស់រដ្ឋាភិបាលអាមេរិក ចំពោះការរីករាលដាលនៃ COVID-19។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០។

លោក គ្លេន ហ្វាញ (Glenn Fine) ដែលជាអគ្គនាយកផ្នែកស៊ើបអង្កេតស្តីទី របស់ក្រសួងការពារជាតិអាមេរិក ត្រូវបានតែងតាំងឲ្យធ្វើជា ប្រធានគណៈកម្មាធិការមួយ ដែលត្រូវដើរតួនាទីជាអ្នកត្រួតពិនិត្យ និងតាមដានលើចំណាត់ការឆ្លើយតបរបស់រដ្ឋាភិបាលសហព័ន្ធ ចំពោះវិបត្តិ COVID-19 ក្នុងនោះរួមមាន ទាំងគោលនយោបាយផ្នែកសុខាភិបាល ព្រមទាំងកញ្ចប់ថវិកាសង្រ្គោះដ៏ធំមហាសាល មិនធ្លាប់មានទំហំដល់ទៅ ២.៣ទ្រីលានដុល្លារ។

ប៉ុន្តែឥឡូវលោក ដូណាល់ ត្រាំ ក៏បានសម្រេចតែងតាំងអគ្គនាយកស៊ើបអង្កេតម្នាក់ទៀត ដែលមកពីទីភ្នាក់ងារគាំពារបរិស្ថាន ឲ្យកាន់ជាអគ្គនាយកផ្នែកស៊ើបអង្កេត ស្តីទីថ្មីរបស់ក្រសួងការពារជាតិវិញ ដែលមានន័យថា លោក Glenn Fine មិនអាចកាន់តួនាទីជាអ្នកដឹកនាំ គណៈកម្មាធិការដែលត្រូវឃ្លាំមើលសកម្មភាពឆ្លើយតប របស់រដ្ឋាភិបាលអាមេរិកចំពោះវិបត្តិ COVID-19 ឡើយ។

គួរជម្រាបថា ពាក់ព័ន្ធនឹងការដកតំណែងលោក Fine លោក ត្រាំ បានលើកឡើងថា វាជាសិទ្ធិរបស់លោក និងបានបញ្ជាក់ថា នាពេលថ្មីៗនេះលោកបានតែងតាំង អគ្គនាយកស៊ើបអង្កេតថ្មីៗ នៅតាមទីភ្នាក់ងារ និងស្ថាប័នជាច្រើន។ ទង្វើនេះបង្ហាញថា លោក ដូណាល់ ត្រាំ ហាក់កំពុងផ្លាស់ប្តូរអគ្គនាយកស៊ើបអង្កេត ដែលត្រូវបានតែងតាំង កាលពីសម័យកាលដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា៕