(គូឡាឡាំពួរ)៖ អ្នកធ្វើការ និងពលករម៉ាឡេស៊ីក្នុងប្រទេសសិង្ហបុរី ដែលកំពុងស្វះស្វែងត្រឡប់មកស្រុកកំណើតវិញ ខណៈរដ្ឋាភិបាលសិង្ហបុរីកំពុងអនុវត្តវិធានការរឹតត្បិត ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 នោះ ត្រូវបានស្នើឱ្យបន្តស្នាក់នៅប្រទេសដីកោះមួយនេះសិន សម្រាប់រយៈពេល ០២សប្ដាហ៍ទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Straits Times នៅព្រឹកថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០។

នៅក្នុងសន្និសីទសារព័ត៌មានមួយ នាថ្ងៃអង្គារសប្ដាហ៍នេះ មន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាលម៉ាឡេស៊ី លោក ណូអ័រ ហ៊ីហ្សាម អាប់ឌុលឡាហ៍ (Noor Hisham Abdullah) បានបញ្ជាក់ឱ្យដឹងថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ កំពុងបន្តពិភាក្សាគ្នាជុំវិញបញ្ហានេះ។ លោក Noor បានបន្ថែមយ៉ាងដូច្នេះថា «ពលរដ្ឋម៉ាឡេស៊ីដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសសិង្ហបុរី បើអាចទៅរួចសូមបន្តស្នាក់នៅទីនោះរយៈពេល ០២សប្ដាហ៍ទៀតសិន... ហើយនៅពេលពួកគេត្រឡប់មកដល់ម៉ាឡេស៊ីវិញ ពួកគេនឹងត្រូវទទួលការត្រួតពិនិត្យ និងតាមដានរក COVID-19»

គួរជម្រាបថា បច្ចុប្បន្នអ្នកធ្វើការ និងពលករម៉ាឡេស៊ីជាង ៤៥,០០០នាក់ កំពុងធ្វើការនៅក្នុងប្រទេសសិង្ហបុរី ហើយក្នុងនោះមានមួយចំនួន កំពុងស្វះស្វែងរកវិធីត្រឡប់មកស្រុកកំណើតវិញ ខណៈអាជីវកម្មមិនសូវសំខាន់ ត្រូវបានបិទជាបណ្ដោះអាសន្ន កំឡុងប្រទេសសិង្ហបុរី កំពុងអនុវត្តវិធានការរឹតត្បិត ក្នុងនោះរួមមានទាំងការរក្សារគម្លាតសង្គម និងស្នាក់នៅដាច់ដោយឡែកពីគេ ដែលចូលជាធរមានកាលពីថ្ងៃអង្គារ ទី០៧ ខែមេសា និងអូសបន្លាយដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។

បច្ចុប្បន្នសិង្ហបុរីមានអ្នកឆ្លង COVID-19 សរុប ១,៤៨១ករណី ក្នុងនោះជាសះស្បើយវិញសរុប ឮ៣៧៧នាក់ និងគ្មានករណីស្លាប់នោះទេ។ បញ្ហារាតត្បាតនៃជំងឺសកល COVID-19 បានធ្វើឲ្យសេដ្ឋកិច្ចសិង្ហបុរី ខាតបង់ជាខ្លាំង ជាពិសេសទៅលើវិស័យសេវាកម្ម និងទេសចរណ៍៕