(គូឡាឡាំពួ)៖ ក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសនៅល្ងាចថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០នេះថា ចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅក្នុងប្រទេសអាស៊ានមួយនេះ បានកើនឡើងដល់ ៣,៩៦៣ករណីហើយ ក្នុងនោះអ្នកជំងឺសរុប ៦៣នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ក្រសួងសុខាភិបាលម៉ាឡេស៊ីបានឲ្យដឹងទៀតថា ក្រៅពីចំនួនមនុស្សឆ្លង និងស្លាប់ដោយសារតែ COVID-19 កើនឡើងបន្ថែមទៀតនោះ ចំនួនអ្នកជាសះស្បើយពីជំងឺនេះវិញ ក៏បានកើនឡើងដល់ ១,៣២១នាក់ផងដែរ។ នៅក្នុងរយៈពេលពេញមួយថ្ងៃនេះ ម៉ាឡេស៊ីបានរកឃើញអ្នកឆ្លង COVID-19 ចំនួន ១៧០នាក់ថ្មីទៀត និងអ្នកស្លាប់ម្នាក់ ដែលបានធ្វើឲ្យចំនួនអ្នកឆ្លង និងស្លាប់សរុបកើនឡើងដូចខាងលើ។

គួរបញ្ជាក់ថា ម៉ាឡេស៊ីនៅតែជាប្រទេសដែលមានករណីឆ្លង COVID-19 ច្រើនជាងគេបំផុតប្រចាំតំបន់អាស៊ាន ប៉ុន្តែសម្រាប់ករណីស្លាប់វិញ គឺស្ថិតនៅក្រោមឥណ្ឌូណេស៊ីដែលមានអ្នកស្លាប់សរុប ២២១នាក់ក្នុងចំណោមអ្នកឆ្លង ២,៧៣៨ករណី និងហ្វីលីពីនមានអ្នកស្លាប់ ១៧៧នាក់ ក្នុងចំណោមអ្នកឆ្លង ៣,៧៤៧ករណី ៕