(តូក្យូ)៖ រាជរដ្ឋាភិបាលជប៉ុននៅថ្ងៃអង្គារនេះ បានសម្រេចចិត្តប្រកាសដាក់ទីក្រុងតូក្យូ និងខេត្តចំនួន ០៦ផ្សេងទៀតក្នុងគ្រាអាសន្នហើយ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 នៅក្នុងចំណោមខេត្តទាំងអស់ចំនួន ៤៧ របស់ប្រទេសមហាអំណាច សេដ្ឋកិច្ចលេខ ៣ លើពិភពលោកមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០។

ការសម្រេចចិត្តបែបនេះកើតមានឡើង បន្ទាប់ពីករណីឆ្លង COVID-19 មានការកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងទីក្រុងតូក្យូ និងខេត្តអូសាកា។ ចំណែកឯវិធានការខាងលើនឹងត្រូវអនុវត្តនៅក្នុងទីក្រុងតូក្យូ, ខេត្តកាណាហ្គាវ៉ា (Kanagawa), សាអ៉ិតាម៉ា (Saitama), ជីបា (Chiba), អូសាកា (Osaka), ហ៊ីយ៉ូហ្គូ (Hyogo) និងខេត្ត ហ្វូគូអូកា (Fukuoka) ក្នុងរយៈពេលមួយខែ ហើយប្រជាជននឹងត្រូវអនុញ្ញាតឱ្យចេញពីផ្ទះ ដើម្បីទិញម្ហូប ថ្នាំពេទ្យ ឬស្វែងរកសេវាសំខាន់ៗតែប៉ុណ្ណោះ។

តែទោះជាបែបនេះក្ដី លោកនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ បានបញ្ជាក់កាលពីថ្ងៃចន្ទថា នៅក្នុងប្រទេសជប៉ុន ទោះបីមានការប្រកាសពីភាពអាសន្នក៏ដោយ ក៏អាជ្ញាធរនឹងមិនអនុវត្តវិធានការបិទទីក្រុង ដូចដែលប្រទេសមួយចំនួនបានធ្វើនោះទេ ដ្បិតអ្នកជំនាញអះអាងថា វាមិនទាន់ចាំបាច់ត្រូវធ្វើបែបនេះ។ វិធានការរឹតត្បិតនេះ នឹងផ្ដល់អំណាចឱ្យអាជ្ញាធរស្នើឱ្យប្រជាជនស្ថិតនៅក្នុងផ្ទះ និងបិទសេវាមិនចាំបាច់ តែគ្មានការផាកពិន័យ ឬដាក់ទោសទណ្ឌលើអ្នកដែលបំពាននោះទេ ដោយការអនុវត្តទាំងឡាយ គឺអាស្រ័យលើសម្ពាធពីក្រុមគ្រួសារ ឬមិត្តភក្តិ និងការគោរពចំពោះអាជ្ញាធរ។ បន្ថែមពីលើនេះ រដ្ឋាភិបាលទីក្រុងតូក្យូ ក៏បានត្រៀមកញ្ចប់ថវិកា ៩៩០ពាន់លានដុល្លារសម្រាប់ការពារសេដ្ឋកិច្ចជាតិផងដែរ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃចន្ទនេះ ជប៉ុនមានករណីឆ្លងជំងឺ COVID-19 សរុប ៣,៦៥៤ករណី ក្នុងនោះស្លាប់សរុប ៨៥នាក់ និងជាសះស្បើយសរុប ៥៩២នាក់៕