(ប៉េកាំង)៖ ប្រទេសចិនបានប្រកាសឲ្យដឹងថា កាលពីថ្ងៃចន្ទម្សិលមិញនេះ គ្មានអ្នកជំងឺណាម្នាក់ បានបាត់បង់ជីវិត ដោយសារតែជំងឺ COVID-19 នោះឡើយ ដែលនេះជាលើកដំបូងបំផុតមិនធ្លាប់មាន គិតចាប់តាំងពីមហាអំណាចសេដ្ឋកិច្ចលេខ ២ លើលោកមួយនេះ ត្រូវបានវីរុសកូរ៉ូណាញាំញីយ៉ាងខ្លាំង ចាប់តាំងពីចុងខែធ្នូ ឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន CGTN នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០។

បើតាមតួលេខចុងក្រោយ ដែលត្រូវបានបញ្ចេញដោយអាជ្ញាធរសុខាភិបាលចិន ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងចិនដីគោក បានកើនឡើងដល់ ៨១,៧៤០ករណី ក្នុងនោះអ្នកជំងឺស្លាប់សរុប ៣,៣៣១នាក់ និងជាសះស្បើយវិញសរុប ៧៧,១៦៧នាក់។

បន្ថែមពីខាងលើនេះ កាលពីរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញ អាជ្ញាធរចិនបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣២ករណីថ្មីទៀត ដោយក្នុងនោះសុទ្ធតែជាករណីនាំចូលពីបរទេសទាំងអស់តែម្តង៕