(អេស្ប៉ាញ)៖ ម្ដាយបង្កើតរបស់អ្នកចាត់ការទូទៅក្លឹបបាល់ទាត់ Manchester City លោក Pep Guardiola គឺលោកស្រី Dolors Sala Carrio បានទទួលមរណភាពហើយ ក្នុងវ័យ៨២ឆ្នាំ នៅទីក្រុង Barcelona បន្ទាប់ពីឆ្លង COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០។

នៅក្នុងសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម ក្លឹប Manchester City បានឱ្យដឹងដូច្នេះថា៖ «គ្រប់គ្នានៅក្នុងក្លឹបបាល់ទាត់ Manchester City បានផ្ញើសាររំលែកទុក្ខ ដ៏ក្រៀមដល់លោក Pep និងក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិរបស់លោកទាំងអស់...ក្រោយទទួលបានដំណឹងថាម្ដាយរបស់លោក គឺលោកស្រី Dolors Sala Carrio បានទទួលមរណភាពនៅថ្ងៃនេះ ក្រោយឆ្លង COVID-19។ លោកស្រីមានវ័យ ៨២ឆ្នាំ»

គួរជម្រាបថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ អេស្ប៉ាញមានឆ្លង COVID-19 ១៣៥,០៣២នាក់ ក្នុងនោះមាន ១៣,០៥៥នាក់ បានស្លាប់ និង៤០,៤៣៧នាក់បានជាសះស្បើយ៕