(តូក្យូ)៖ លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ នៅថ្ងៃចន្ទនេះ បាននិយាយថា ជប៉ុននឹងប្រកាសដាក់ទីក្រុងតូក្យូ រួមទាំងខេត្តចំនួន៦ផ្សេងទៀត ក្នុងគ្រាអាសន្នរយៈពេល មួយខែ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ខណៈរដ្ឋាភិបាលរបស់លោកបានត្រៀមកញ្ចប់ថវិកា៩៩០ពាន់លានដុល្លារ សម្រាប់ការពារសេដ្ឋកិច្ចជាតិ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក អាបេ បានអះអាងថា ការប្រកាសជាផ្លូវការពីភាពអាសន្នខាងលើ អាចនឹងធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះ។ លោក អាបេ បានបញ្ជាក់ ដូច្នេះថា៖«បច្ចុប្បន្ន យើងឃើញថាករណីឆ្លង COVID-19 មានការកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងទីក្រុងតូក្យូ និងទីក្រុង អូសាកាតែម្ដង...ប៉ុន្តែនៅក្នុង ប្រទេសជប៉ុន ទោះបីមានការប្រកាសពីភាពអាសន្នក៏ដោយ ក៏យើងនឹងមិនបិទទីក្រុង ដូចដែលប្រទេសមួយចំនួនបានអនុវត្តនោះដែរ ដ្បិតអ្នកជំនាញបានប្រាប់យើងថា វាមិនទាន់ចាំបាច់ត្រូវធ្វើបែបនេះទេ។ ម្យ៉ាងវិញទៀត ភាពអាសន្ននេះទៀតសោត នឹងជួយដល់យើងក្នុងការពង្រឹងវិធានការប្រយុទ្ធប្រឆាំងនឹង COVID-19 នាពេលបច្ចុប្បន្ន»

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃចន្ទនេះ ជប៉ុនមាន COVID-19 ៣,៦៥៤ករណី ក្នុងនោះស្លាប់៨៥នាក់ និងជាសះស្បើយ១០០នាក់៕