(ប៊ែរឡាំង)៖ ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ អាល្លឺម៉ង់បានរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,៦៧៧ករណីបន្ថែមទៀត ដែលនាំឲ្យចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេសធំបំផុតប្រចាំសហភាពអ៊ឺរ៉ុបមួយនេះកើនលើស ១០០,០០០ករណីហើយ ក្នុងនោះអ្នកជំងឺជិត ១,៦០០នាក់បានស្លាប់បាត់បង់ជីវិត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០។

គិតត្រឹមម៉ោង ៥៖០០នាទីល្ងាចថ្ងៃចន្ទនេះ គេហទំព័រ Worldmeter ដែលតែងតែធ្វើបច្ចុប្បន្នភាពពីស្ថានការណ៍ជំងឺ COVID-19 នៅទូទាំងសកលលោកបានបង្ហាញថា ករណីឆ្លងសរុបនៃជំងឺ COVID-19 នៅប្រទេសអាល្លឺម៉ង់បានកើនដល់ ១០០,១២៣ករណី ដោយក្នុងនោះ ១,៥៨៤នាក់បានស្លាប់បាត់បង់ជីវិត ខណៈមនុស្ស ២៨,៧០០នាក់ទៀត បានជាសះស្បើយឡើងវិញ។

ស្ថិតនៅក្នុងស្ថានភាពនេះ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មើគែល (Angela Merkel) បានថ្លែងឲ្យដឹងថា វិធានការបិទទ្វារប្រទេសនាពេលបច្ចុប្បន្ន នឹងនៅតែបន្តរហូតដល់ថ្ងៃទី១៩ ខែមេសា ហើយលោកស្រីក៏បានសង្កត់ធ្ងន់ទៀតថា «វាដូចជាឆាប់រហ័សពេកហើយបើយើងសម្រេចថា បន្ធូរបន្ថយវិធានការនៅពេលនេះ» ខណៈសន្ទុះករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ហាក់ដូចជាមិនធូរស្បើយសោះ។ ជាមួយគ្នានេះលោកស្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអាល្លឺម៉ង់ទាំងអស់ ឲ្យចៀសវាងការជួបជុំគ្នាច្រើនក្នុងកំឡុងពេលពិធីបុណ្យអ៊ីស្តឺ (Easter) ខាងមុខ ដើម្បីកាត់បន្ថយហានិភ័យ នៃការឆ្លងរាតត្បាតជំងឺឆ្លងដ៏កាចសាហាវមួយនេះ៕