(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence បាននិយាយថា ថ្នាំប្រឆាំងមេរោគគ្រុនចាញ់ អ៉ីដ្រុកស៊ីក្លរ៉ូឃ្វីន (hydroxychloroquine) នឹងត្រូវបានប្រើប្រាស់នៅក្នុង ការធ្វើតេស្ដមួយលើអ្នកជំងឺ COVID-19 ចំនួន ៣,០០០នាក់ នៅឯមន្ទីរពេទ្យមួយក្នុងទីក្រុង ដេត្រូត (Detroit) នៃរដ្ឋមីឈីហ្គែន (Michigan)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០។

ចំពោះមុខក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន នៅថ្ងៃអាទិត្យសប្តាហ៍មុន (ពេលវេលានៅវ៉ាស៊ីនតោន) លោក Mike Pence បានគូសបញ្ជាក់ថា លទ្ធផលពីប្រសិទ្ធភាពនៃថ្នាំ hydroxychloroquine នឹងត្រូវកំណត់ក្នុងការសិក្សាផ្លូវការមួយ។ លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានឱ្យដឹងដែរថា រដ្ឋាភិបាលសហព័ន្ធអាមេរិក បានប្រមូលស្ដុកទុកថ្នាំ hydroxychloroquine ចំនួន ២៩លានគ្រាប់ ហើយថ្នាំនេះបាន និងកំពុងផ្ដល់ឱ្យអ្នកជំងឺ ១,១០០នាក់នៅក្នុងរដ្ឋញូយ៉ក រួមជាមួយនឹងថ្នាំ អាហ្ស៊ីស្រូម៉ាយស៊ីន (azithromycin)។

ទោះបីជាបែបនេះក្តី នាយកវិទ្យាស្ថានជាតិអាឡែកហ្ស៊ី និងជំងឺឆ្លងអាមេរិក ព្រមទាំងជាអ្នកជំនាញដែលកំពុតសិក្សាយ៉ាងសកម្មលើ COVID-19 លោក អាន់ថូនី ហ្វរស៊ី (Anthony Fauci) អះអាងថា មកទល់នឹងពេលនេះមិនមានព័ត៌មានជាក់លាក់ណាមួយ អាចយកមកធ្វើការអត្ថាធិប្បាយថា តើថ្នាំអាចនឹងត្រូវយកមកព្យាបាលអ្នកជំងឺ COVID-19 បាននៅឡើយទេ។

គួរបញ្ជាក់ថា បើតាមសាកលវិទ្យាល័យអាមេរិក ចន ហបឃីនស៍ (John Hopkins) ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនដល់ ៩,៦៣៣នាក់ បន្ទាប់ពីអ្នកជំងឺ១ ,២០០នាក់ បានស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈករណីឆ្លងសរុបបានហក់ឡើងដល់ជាង ៣៣៧,០៧២ករណី បន្ទាប់ពីអ្នកឆ្លងថ្មី ២៥,០២៩នាក់ត្រូវបានរាយការណ៍។ ដោយឡែកអ្នកជំងឺសរុប ១៧,៩៧៧នាក់ទៀតក៏បានជាសះស្បើយផងដែរ៕