(លីប៊ី)៖ លោក ម៉ាហ៍មួដ ជីប្រ៊ីល (Mahmoud Jibril) ជាអតីតនាយករដ្ឋមន្ត្រីលីប៊ី និងប្រមុខរដ្ឋាភិបាលក្រុមឧទ្ទាម ដែលបានទម្លាក់លោក មួអាម៉ារ ហ្គាដាហ្វី (Muammar Gaddafi) ចេញពីតំណែងកាលពីឆ្នាំ២០១១ បានទទួលមរណភាពហើយ ដោយសារជំងឺ COVID-19។ នេះបើតាមប្រភពពីគណបក្សរបស់លោក ដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០។

បើតាមគណបក្សសម្ព័ន្ធនៃកងកម្លាំងជាតិ (National Forces Alliance) ដែលលោក Mahmoud Jibril ផ្ទាល់ជាបង្កើតកាលពីឆ្នាំ២០១២ អតីតនាយករដ្ឋមន្ត្រីលីប៊ីវ័យ ៦៨ឆ្នាំរូបនេះបានស្លាប់នៅមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុងគែរ ជាទីដែលលោកសម្រាកព្យាបាលជំងឺអស់ពីរសប្ដាហ៍។ លោកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យឯកទេសហ្គាន់ហ្សួរី (Ganzouri Specialized Hospital) កាលពីថ្ងៃទី២១ ខែមីនា ក្រោយមានជំងឺគាំងបេះដូង ហើយបីថ្ងៃក្រោយមកទើបលោកត្រូវបានគេធ្វើតេស្ដ ចេញលទ្ធផលវិជ្ជមាននៃជំងឺ COVID-19។

គួរបញ្ជាក់ថា លោក Mahmoud Jibril ធ្លាប់ជាអតីតទីប្រឹក្សាសេដ្ឋកិច្ចម្នាក់របស់អតីតមេដឹកនាំលីប៊ី លោក Muammar Gaddafi មុននឹងលោកទៅចូលរួមក្នុងចលនាបដិវត្តន៍ នៅឆ្នាំ២០១១។ លោក Jibril បានក្លាយជានាយករដ្ឋមន្ត្រីស្ដីទីលីប៊ី រហូតដល់មានការបោះឆ្នោតជាលើកដំបូងមួយកាលពីឆ្នាំ២០១២៕