(វ៉ាស៊ីនតោន)៖ លោកវេជ្ជបណ្ឌិត ចេមស៍ ហ្គោដរីច (James T. Goodrich) អ្នកជំនាញផ្នែកសរសៃប្រសាទ ដែលបានសាងភាពល្បីល្បាញទូទាំងពិភពលោក ដោយសារការទទួលបានជោគជ័យ ចំពោះការវះកាត់បំបែកកូនភ្លោះមានក្បាលជាប់គ្នា តាមរយៈជំនាញវេជ្ជសាស្ត្រដ៏ស្មុគស្មាញ និងកម្របំផុតមួយនោះ បានទទួលមរណភាពហើយ កាលពីថ្ងៃចន្ទសប្តាហ៍មុន ដោយសារជំងឺឆ្លង COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Washington Post ដែលត្រូវបានដកស្រង់នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០។

មរណភាពរបស់លោកវេជ្ជបណ្ឌិតដ៏ល្បីល្បាញរូបនេះ ដោយសារជំងឺ COVID-19 វាបានបង្កជាក្តីបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំង ក្នុងចំណោមសហគមន៍វេជ្ជសាស្រ្តទាំងមូល ខណៈសន្ទុះល្បឿននៃការឆ្លង និងស្លាប់ដោយសារជំងឺរាតត្បាតសកលនេះ ហាក់ដូចជាមានសភាពកាន់តែខ្លាំងក្លាឡើង ជាពិសេសគឺនៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួនដូចជា សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ និងអេស្ប៉ាញជាដើម។

គួរជម្រាបថា កាលពីឆ្នាំ២០០៤ លោកវេជ្ជបណ្ឌិត James T. Goodrich បានធ្វើឲ្យចំណងជើងទំព័រមុខរបស់កាសែតអន្តរជាតិល្បីៗទាំងអស់ ចុះផ្សាយពីភាគជោគជ័យរបស់លោក ក្នុងការវះកាត់បំបែកកូនភ្លោះដែលមានក្បាលជាប់គ្នា ដោយបានចំណាយពេល ១៧ ម៉ោងជាមួយនឹងជំនួយការជាគ្រូពេទ្យចំនួន ១៦នាក់ទៀត។ ភាពជោគជ័យរបស់លោក បានរួមចំណែកជាច្រើនក្នុងវិស័យសុខាភិបាល ជាពិសេសគឺផ្នែកវះកាត់ប្រព័ន្ធសរសៃប្រសាទខួរក្បាល៕