(រ៉ូម)៖ មន្ត្រីរដ្ឋាភិបាលអ៉ីតាលីបានឲ្យដឹងកាលពីយប់ថ្ងៃអាទិត្យម្សិលមិញថា ប្រទេសអ៉ីតាលីកំពុងពិចារណា ដកការរឹតត្បិតមួយចំនួនចេញវិញ ក៏ព្រោះតែអត្រាស្លាប់ ដោយសារតែជំងឺ COVID-19 បានធ្លាក់ចុះមកនៅត្រឹម ៥២៥នាក់ក្នុងមួយថ្ងៃ ដែលមិនធ្លាប់មាននោះឡើយគិតចាប់តាំងពីថ្ងៃទី១៩ ខែមីនា ដែលកាលណោះមនុស្ស ៤២៧នាក់បានបាត់បង់ជីវិតក្នុងមួយថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២០។

សម្រាប់ថ្ងៃអាទិត្យម្សិលមិញនេះ អ៉ីតាលីក៏បានបញ្ជាក់ផងដែរថា អត្រាស្លាប់គឺបានធ្លាក់ចុះ ២៣% ផងដែរបើធៀបនឹងថ្ងៃសៅរ៍ ដែលមានមនុស្សស្លាប់រហូតដល់ ៦៨១នាក់។ អាជ្ញាធរសុខាភិបាលអ៉ីតាលី បានប្រកាសប្រាប់អ្នកសារព័ត៌មាននានាថា វាគឺជាសញ្ញានៃការថយចុះចំនួនមនុស្សស្លាប់យ៉ាងពិតប្រាកដ ហើយប្រសិនបើទិន្នន័យបែបនេះ នៅតែបន្តកើតឡើងនាប៉ុន្មានថ្ងៃខាងមុខទៀត នោះអ៉ីតាលីនឹងគិតគូរពីការដកបំរាមខ្លះៗ។

បើតាមគេហទំព័រ Worldometer គិតត្រឹមយប់ថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០ អ៉ីតាលីមានអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន ១២៨,៩៤៨ករណី ក្នុងនោះស្លាប់ ១៥,៨៨៧នាក់ និងជាសះស្បើយវិញ ២១,៨១៥នាក់៕