(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថានឹងដំឡើងពន្ធនាំចូលប្រេងឆៅ ដើម្បីការពារបុគ្គលិកវិស័យថាមពលអាមេរិក ពីផលប៉ះពាល់ទាំងឡាយដែលបង្កឡើងដោយការធ្លាក់ចុះនៃតម្លៃប្រេង ដោយសារតែសង្រ្គាមដណ្ដើមគ្រប់គ្រងទីផ្សារប្រេងរវាងរុស្ស៊ី-អារ៉ាប៊ីសាអ៊ូឌីត និងវិបត្តិ COVID-19 ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ នៅឯសេតវិមាន កាលពីថ្ងៃសៅរ៍ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖«បើសិនជាខ្ញុំដាច់ខាត ត្រូវតែដំឡើងពន្ធនាំចូលប្រេងឆៅ មកពីបរទេស ឬក៏ខ្ញុំដាច់ខាតត្រូវតែធ្វើអ្វីម្យ៉ាង ដើម្បីការពារបុគ្គលិកក្នុងវិស័យថាមពលរាប់ម៉ឺននាក់ និងបណ្ដាក្រុមហ៊ុនដ៏អស្ចារ្យ របស់យើង នោះខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាង ដែលខ្ញុំត្រូវតែធ្វើ»

គួរជម្រាបថា តម្លៃប្រេងឆៅពិភពលោក បានធ្លាក់ថ្លៃជាង ពីរភាគបី នៅក្នុងឆ្នាំ២០២០នេះ ដោយសារតែជំងឺរាតត្បាតសកល COVID-19 ដែលបង្កឱ្យការបញ្ជាទិញ ធ្លាក់ចុះ និងសង្រ្គាមដណ្ដើមគ្រប់គ្រងទីផ្សារប្រេងរវាងរុស្ស៊ី-អារ៉ាប៊ីសាអ៊ូឌីត៕