(វៀងច័ន្ទ)៖ គ្រឿងបរិក្ខាវេជ្ជសាស្ត្រជាច្រើនរួមមានម៉ាសចំនួន ៣៣៣,០០០ម៉ាស, សម្លៀកបំពាក់ការពារមេរោគ ១,០០០កំផ្លេ និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួនទៀត ត្រូវបានដឹកជញ្ជូនពីប្រទេសវៀតណាម ទៅចុះចតនៅរដ្ឋធានីវៀងច័ន្ទនៃប្រទេសឡាវ ដើម្បីជួយប្រទេសជិតខាងមួយនេះ ទប់ស្កាត់ជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០។

បើតាមប្រភពពីសារព័ត៌មានឡាវ KPL ជំនួយរបស់ប្រទេសវៀតណាមខាងលើនេះ គិតជាទឹកប្រាក់ប្រមាណ ៣០០,០០០ដុល្លារអាមេរិក ត្រូវបានដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិ វ៉ាត់ថាយ (Wattay) នៃរដ្ឋធានីវៀងច័ន្ទ កាលពីព្រឹកថ្ងៃសៅរ៍នេះ។ ក្រៅពីវៀតណាម ឡាវក៏ធ្លាប់បានទទួលជំនួយពីប្រទេសថៃ អាមេរិក និងចិនរួចមកហើយដែរ តាំងពីប្រទេសមួយនេះមិនទាន់មានករណីឆ្លង COVID-19 មកម្ល៉េះ។

គួរបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃសៅរ៍នេះ ប្រទេសឡាវមានករណីឆ្លងជំងឺ COVID-19 សរុប ១០ករណីប៉ុណ្ណោះ បន្ទាប់ពីពីរករណីដំបូងត្រូវបានរកឃើញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ហើយក៏គ្មានករណីមនុស្សបាត់បង់ជីវិតនោះដែរ។ បើគិតពីស្ថានភាពជាក់ស្តែង ឡាវជាប្រទេសមានករណីឆ្លង COVID-19 ក្រោយគេ និងអត្រាឆ្លងថ្មីៗទាបបំផុតក្នុងចំណោមប្រទេសអាស៊ានទាំង ១០៕