(វ៉ាស៊ីនតោន)៖ ប្តីប្រពន្ធមួយគូនៅសហរដ្ឋអាមេរិក ដែលរស់នៅជាមួយគ្នាអស់រយៈពេលជាង ៥០ឆ្នាំ ត្រូវបានជំងឺ COVID-19 ផ្តាច់យកជីវិតស្ទើរព្រមគ្នាតែម្តង កាលពីពេលថ្មីៗកន្លងទៅនេះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNN នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០។

លោក ស្តាត បេកខឺ (Stuart Baker) អាយុ ៧៤ឆ្នាំ និងលោកស្រី អេឌ្រាន បេកខឺ (Adrian Baker) អាយុ ៧២ឆ្នាំ បានចំណាយពេលរស់នៅជាមួយគ្នាអស់ជាង ៥១ឆ្នាំមកហើយ ហើយអ្នកទាំងពីរមានទីលំនៅ នៅក្នុងទីក្រុង បូយ៉ូថុនប៊ីច (Boyoton Beach) នៃរដ្ឋផ្លូរីដា។ មុនពេលឆ្លង COVID-19 អ្នកទាំងពីរពុំមានជំងឺប្រចាំកាយ ធ្ងន់ធ្ងរអ្វីនោះទេ ប៉ុន្តែក៏បានធ្លាក់ខ្លួនឈឺ កាលពីពាក់កណ្តាលខែមីនាកន្លងទៅ។

គួរជម្រាបថា បើតាមកូនប្រុសរបស់អ្នកទាំងពីរគឺលោក Buddy Baker លោក Stuart និងលោកស្រី Adrian បានទទួលមរណភាពកាលពីថ្ងៃ អាទិត្យចុងសប្តាហ៍មុន នៅពេលវេលាខុសគ្នាតែ ០៦នាទីប៉ុណ្ណោះ។ លោក Baker ក៏បានឆ្លៀតឱកាសអំពាវនាវផងដែរ ដល់ពលរដ្ឋអាមេរិកទាំងអស់ ឲ្យស្តាប់តាមការទទូចរបស់អាជ្ញាធរសុខាភិបាលអាមេរិក នោះគឺព្យាយាមអនុវត្តវិធានការរក្សាគម្លាតសង្គម លាងដៃឲ្យបានញឹកញាប់ ហើយអ្វីដែលសំខាន់បំផុតនោះ គឺនៅក្នុងផ្ទះកុំចេញទៅណា ប្រសិនបើមិនចាំបាច់ខ្លាំងទេនោះ ដើម្បីរួមគ្នាកម្ចាត់ជំងឺឆ្លងដ៏កាចសាហាវនេះ៕