(ញូយ៉ក)៖ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តលើដំណោះស្រាយមួយ ដោយអំពាវនាវឱ្យមាន «កិច្ចសហប្រតិបត្តិការអន្តរជាតិ» និង «ពហុភាគីនិយម» ដើម្បីប្រយុទ្ធ ប្រឆាំងជាមួយ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០។

ដំណោះស្រាយប្រឆាំង COVID-19 ដែលត្រូវបានអនុម័តក្នុងសំឡេងគាំទ្រ កុសង់ស៊ីសជាលើកដំបូងគិតចាប់តាំងពីជំងឺផ្ទុះឡើង ដោយមហាសន្និបាតអង្គការសហប្រជាជាតិ ក៏បានសង្កត់ធ្ងន់ផងដែរពីភាពចំាបាច់ នៃការគោរពសិទ្ធិមនុស្ស និងប្រឆាំងដាច់ខាតរាល់សកម្មភាព ឬចេតនារើសអើងជាតិសាសន៍ ព្រមទាំងការរើសអើងគ្រប់រូបភាពទាំងអស់។

ដំណោះស្រាយខាងលើនេះត្រូវបានដាក់ជូនដោយប្រទេសស្វីស ឥណ្ឌូណេស៊ី សិង្ហបុរី ន័រវែស, លីចធិនស្ទេន (Liechtenstein) និងហ្គាណា និងត្រូវបានអនុម័តដោយប្រទេសជាសមាជិក UN ចំនួន ១៨៨ ក្នុងចំណោម ១៩៣ប្រទេស។ ផ្ទុយពីដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ (UNSC) ដំណោះស្រាយអនុម័តដោយមហាសន្និបាទអង្គការសហប្រជាជាតិ (UNGA) មិនមែនជាការដាក់កំហិតអ្វីនោះទេ ប៉ុន្តែវាមានតម្លៃផ្នែកនយោបាយខ្លាំងក្លា អាស្រ័យទៅនឹងការគំាទ្រស្ថិតនៅក្នុងកម្រិតណា៕