(បាងកក)៖ រដ្ឋាភិបាលថៃបានប្រកាសដាក់ចេញនូវវិធានការ «បំរាមគោចរទូទាំងប្រទេស» រយៈពេល ៦ម៉ោងនៅពេលយប់ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺ COVID-19 ជាមួយការព្រមានថា អ្នកដែលរំលោភបំពានលើបទបញ្ជានេះ នឹងត្រូវប្រឈមមុខជាប់ពន្ធនាគារ ០២ឆ្នាំ។ នេះបើតាមការដកស្រង់ ចេញផ្សាយពីទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០។

បំរាមគោចរខាងលើដែលមានរយៈពេលចាប់ពីម៉ោង ១០៖០០នាទីយប់ ដល់ម៉ោង៤៖០០នាទីទាបភ្លឺ បានចូលជាធរមាននៅថ្ងៃសុក្រនេះ។ ប៉ុន្តែបំរាមនេះត្រូវបានលើកលែង សម្រាប់បុគ្គលិកចាំបាច់ដូចជា បុគ្គលិកសុខាភិបាល បុគ្គលិកដឹកជញ្ជូនឥន្ធនៈ និងចំណីអាហារ រួមទាំងសេវាប្រៃសនីយ៍ជាដើម។
នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានក្រើនរំលឹកថា អ្នកដែលទិញម៉ាស ឬសម្ភារៈសំខាន់នានាៗស្ដុកទុក អាចនឹងប្រឈមមុខជាប់ពន្ធនាគារ ០៧ឆ្នាំ និងពិន័យជាប្រាក់ ៤,២០០ដុល្លារ។ បន្ថែមពីលើនេះលោក ប្រាយុទ្ធ ក៏បានអំពាវនាវឱ្យប្រជាជនថៃទាំងអស់ ដែលនៅក្រៅប្រទេស ពន្យារពេលត្រឡប់មកស្រុកកំណើតវិញ រហូតដល់ក្រោយថ្ងៃទី១៥ ខែមេសា ដើម្បីចូលរួមចំណែកបញ្ឈប់ការឆ្លងCOVID-19។

គួរបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ថៃមានអ្នកឆ្លង COVID-19 កើនដល់ ១,៨៧៥នាក់ ក្នុងនោះស្លាប់១៥នាក់ និងជាសះស្បើយ ៥០៥នាក់។ ក្នុងចំណោមអ្នកឆ្លងទាំង ១,៨៧៥នាក់នោះ ១,៥០៨នាក់ជាជនជាតិថៃផ្ទាល់៕