(វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្រេចដកហូតមុខតំណែងលោក ប្រ៊េត ក្រូហ្សឺ (Brett Crozier) ដែលជាកាពីទែននាវាដឹកយន្តហោះចម្បាំងមួយគ្រឿង ដែលមានឈ្មោះថា USS ធីអូដ័រ រូសវែលត៍ (Theodore Roosevelt) បន្ទាប់ពីកាពីតែនក្រុមរូបនេះ បានស្នើសុំជំនួយយកមកទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺ COVID-19 នៅលើនាវានោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០។

មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពជើងទឹក អាមេរិក លោក ថូម៉ាស់ មូដលី (Thomas Modly) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯក្រសួងការពារជាតិយ៉ាងដូច្នេះថា «ថ្ងៃនេះតាមការបញ្ជារបស់ខ្ញុំ មេបញ្ជាការរបស់នាវាដឹកយន្តហោះចម្បាំង USS Theodore Roosevelt គឺលោក Brett Crozier ត្រូវបានដកចេញពីមុខតំណែង»

លោក Crozier បានផ្ញើលិខិតម្ងាត់មួយទៅកាន់កងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិក ចំណុះឲ្យកងទ័ពជើងទឹកសហរដ្ឋអាមេរិក កាលពីដើមសប្តាហ៍នេះ ដើម្បីរាយការណ៍ទៅក្រុមមន្រ្តីរដ្ឋាភិបាលសហព័ន្ធ អំពីការផ្ទុះឡើងនៃជំងឺ COVID-19 នៅលើនាវា USS Theodore Roosevelt របស់ខ្លួន ហើយបានស្នើសុំឲ្យមន្ទីរបញ្ចកោណ ផ្តល់នូវធនធានបន្ថែមសម្រាប់នាវិកនៅក្រោមបញ្ជាការរបស់លោក ដែលលោកជឿជាក់ថា ចាំបាច់ត្រូវដាក់ឲ្យនៅដាច់ដោយឡែក ជាពិសេសគឺនាវិកដែលបានឆ្លងរួចស្រេច។

នៅក្នុងលិខិតខាងលើដដែលនេះ លោក Brett Crozier បានបន្ថែមទៀតថា «យើងមិនមែនកំពុងស្ថិតនៅក្នុងសង្គ្រាមនោះទេ។ នាវិកមិនចាំបាច់ស្លាប់នោះទេ។ ប្រសិនបើយើងមិនធ្វើសកម្មភាពឥឡូវនេះទេ យើងនឹងខកខានក្នុងការថែរក្សាអាយុជីវិត របស់ក្រុមនាវិកយើងជាមិនខាន»

គួរជម្រាបថា នាវាផ្ទុកយន្តហោះ USS Theodore Roosevelt ខាងលើ មានផ្ទុកនាវិកប្រមាណ ៥,០០០នាក់ ក្នុងនោះ ៩៣នាក់បានតេស្តរកឃើញថា មានផ្ទុកជំងឺ COVID-19 បើគិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ខណៈមនុស្សជាង ១,០០០ នាក់បានចាកចេញពីនាវារួចស្រេច ហើយមនុស្សចំនួន ២,៧០០នាក់ផ្សេង ទៀតត្រូវបានគេរំពឹងថា នឹងចុះចេញពីនាវានាពេលខាងមុខដ៏ខ្លី។ ចំណែកឯនាវិកដែលនៅសេសសល់ នឹងស្ថិតនៅលើនាវានោះដដែល ដើម្បីរក្សាប្រតិបត្តិការរបស់នាវា៕