(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី នៅព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីនៃ COVID-19 ចំនួន៤៩បន្ថែមទៀត ខណៈអ្នកជំងឺម្នាក់ទៀតបានស្លាប់ ដែលជាហេតុធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសបន្តកើនដល់១,០៤៩នាក់ ហើយអ្នក បាត់បង់ជីវិតគឺ៤នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០។

បើតាមក្រសួងសុខាភិបាលសិង្ហបុរី ក្នុងចំណោមករណីឆ្លងថ្មីទាំង៤៩ខាងលើ មាន៤១នាក់ជាករណីឆ្លងក្នុងស្រុក ដែលជាអ្នកមិន ធ្លាប់មានប្រវត្តិធ្វើដំណើរចេញទៅក្រៅប្រទេសនាពេលថ្មីៗនេះឡើយ។ រីឯ៨នាក់ទៀតជាករណីនាំចូល ដែលត្រូវបានរកឃើញ លើអ្នកធ្លាប់ធ្វើដំណើរទៅអឺរ៉ុប អាមេរិកខាងជើង តំបន់អាស៊ាន និងតំបន់មួយចំនួនទៀតនៃទ្វីបអាស៊ី។

គួរជម្រាបថា ទន្ទឹមគ្នានេះ អ្នកជំងឺ២១នាក់បន្ថែម បានជាសះស្បើយ និងត្រូវបានអនុញ្ញាឱ្យចេញពីមន្ទីរពេទ្យ ដែលនេះនាំឱ្យចំនួនអ្នកជំងឺជាសះស្បើយសរុប កើនដល់២៦៦នាក់។ នៅថ្ងៃព្រហស្បតិ៍នេះ សិង្ហបុរីក៏បានរាយកាណ៍ផងដែរថា អ្នកជំងឺ COVID-19 ម្នាក់ទៀតនៅក្នុងប្រទេសខ្លួន បានបាត់បង់ជីវិត ជាជនជាតិឥណ្ឌូណេស៊ីអាយុ៦៨ឆ្នាំ។ ដោយសរុបមកគឺ មានអ្នកជំងឺ៤នាក់ហើយបានស្លាប់៕