(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណកំពុងតែស្វះស្វែង ផ្តល់ថង់សម្រាប់វេចខ្ចប់សាកសពបែបយោធាចំនួន ១០០,០០០សម្រាប់ ដើម្បីការប្រើប្រាស់លើជនស៊ីលវិលធម្មតា ខណៈអ្នកជំនាញផ្នែកជំងឺឆ្លងព្រមានថា ការស្លាប់ដោយសារជំងឺឆ្លង COVID-19 នៅសហរដ្ឋអាមេរិកនឹងកើនឡើងយ៉ាងខ្លាំង នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០២០។

ទីភ្នាក់ងារគ្រប់គ្រងពេលគ្រាមានអាសន្នរបស់សហរដ្ឋអាមេរិក បានស្នើសុំថង់វេចខ្ចប់សាកសពចំនួន ១០០,០០០ថង់ពីមន្ទីរបញ្ចកោណ ដើម្បីត្រៀមសម្រាប់រុំសាកសព អ្នកដែលបាត់បង់ជីវិតដោយជំងឺ COVID-19 ព្រោះបើតាមការព្យាករណ៍ទុក របស់ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងបានឲ្យដឹងថា នាប៉ុន្មានសប្តាហ៍ខាងមុខអត្រាអ្នកស្លាប់ ដោយសារជំងឺដ៏កាចសាហាវនេះ នឹងកើនឡើងទ្វេដង។

គួរជម្រាបថា ថង់រុំសាកសពបែបយោធានេះ ជាធម្មតាត្រូវបានគេប្រើប្រាស់ និងចែកចាយទៅកាន់តំបន់ដែលមានសង្រ្គាមប៉ុណ្ណោះ។ បើតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអាមេរិកបានប៉ាន់ប្រមាណថា យ៉ាងហោចណាស់ប្រជាជនអាមេរិកពី ១០០,០០០ ទៅ ២០០,០០០ នាក់ឯណោះនឹងត្រូវស្លាប់ដោយសារជំងឺនេះ ខណៈចំនួនអ្នកឆ្លងអាចកើនដល់ ១លានករណីនៅទូទាំងប្រទេស។ រហូតមកទល់នឹងពេលនេះ ប្រទេសមហាអំណាចមួយនេះ បានកត់ត្រាចំនួនអ្នកឆ្លងសរុបជាង ២១៥,០០០ករណីហើយ ក្នុងនោះ ៥,១១២នាក់ស្លាប់បាត់បង់ជីវិត៕