(សេអ៊ូល)៖ នាយឧត្ដមសេនីយ៍នៃកងទ័ពអាមេរិកលោក រ៉ូប៊ឺត អាប្រាមស៍ (Robert Abrams) បាននិយាយថា លោកមិនជឿទាល់តែសោះដែលថា កូរ៉េខាងជើងមិនមានករណីឆ្លង COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០។

លោក Robert Abrams ដែលជាមេបញ្ជាការកងកម្លាំងអាមេរិក ប្រចាំនៅកូរ៉េខាងត្បូង (USFK) បានធ្វើការកត់សម្គាល់បែបនេះ នាកំឡុងបទសម្ភាសន៍ជាមួយ CNN នៅក្នុងសប្ដាហ៍នេះ។ ឆ្លើយតបទៅនឹងសំនួរ ពាក់ព័ន្ធនឹងការអះអះអាងរបស់កូរ៉េខាងជើងថា ខ្លួនមិនមានករណីឆ្លង COVID-19 សូម្បីមួយករណី លោក Abrams បានលើកឡើងដូច្នេះថា «វាមិនអាចទៅរួចទេ ដែលកូរ៉េខាងជើងមិនមានករណីឆ្លង COVID-19... អ្នកសួរខ្ញុំតើមានប៉ុន្មានករណី? ពិតណាស់ខ្ញុំមិនអាចប្រាប់អ្នកបានទេ។ ប៉ុន្តែខ្ញុំដឹងថា មានករណីឆ្លងតាមរយៈសកម្មភាពរបស់ពួកគេ ក្នុងរយៈពេល ៣០ថ្ងៃកាលពីខែកុម្ភៈ និងនៅដើមខែមីនាកន្លងទៅនេះ ពោលគឺយោធារបស់ពួកគេ មិនមានសកម្មភាពទាល់តែសោះ និងបានចាត់វិធានការ រឹតត្បិតតឹងរឹងជាទីបំផុតនៅតាមតំបន់ព្រំដែន»

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ កូរ៉េខាងជើងមិនបានទទួលស្គាល់ពីករណីឆ្លង COVID-19 ណាមួយនោះទេសូម្បីមួយករណី បើទោះជាប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង រាយការណ៍ជាបន្តបន្ទាប់ថា មនុស្សរាប់រយនាក់បានបាត់បង់ជីវិត ដោយសារជំងឺរាតត្បាតសកលមួយនេះក៏ដោយ៕