(រ៉ូម)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីតាលីលោក រ៉ូប៊ឺតូ ស្ពេរ៉ាន់ហ្សា (Roberto Speranza) បានប្រកាសឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសអ៊ីតាលីនឹងនៅតែបន្តអនុវត្តវិធានការបិទទ្វារ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺ COVID-19 ដែលត្រូវបានអនុម័តកាលពីដើមខែមុននោះ រហូតដល់ថ្ងៃទី១៣ ខែមេសា ខាងមុខនេះបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។

លោក ស្ពេរ៉ាន់ហ្សា បានថ្លែងប្រាប់ព្រឹទ្ធសភាយ៉ាងដូច្នេះថា «យើងមិនត្រូវយល់ច្រឡំរវាង សញ្ញាវិជ្ជមានដំបូង និងសញ្ញាដែលបញ្ជាក់ថា អ្វីគ្រប់យ៉ាងគឺច្បាស់លាស់ហើយនោះទេ។ ទិន្នន័យបង្ហាញថា យើងកំពុងដើរលើផ្លូវត្រូវ ហើយការសម្រេចចិត្តដ៏លំបាកនេះ ក៏កំពុងផ្តល់ផ្លែផ្កាវិញដែរ»។ លោករដ្ឋមន្ត្រីបានបន្ថែមថា «សង្គ្រាមប្រយុទ្ធប្រឆាំងនឹងវីរុសនេះ នឹងនៅតែអូសបន្លាយរយៈពេលយូរទៀត»

បន្ទាប់ពីការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺ COVID-19 នារយៈពេលប៉ុន្មានសប្តាហ៍មុន ទិន្នន័យនៅសប្តាហ៍នេះបានបង្ហាញថា មានការធ្លាក់ចុះយ៉ាងគួរឲ្យកត់សម្គាល់ ជាមួយនឹងករណីឆ្លងថ្មីតែ ៤,០៥៣ករណី កាលពីថ្ងៃអង្គារម្សិលមិញនេះ ខណៈអត្រាអ្នកស្លាប់នៅថេរដដែល ដោយក្នុងមួយថ្ងៃមានអ្នកស្លាប់លើសពី ៨០០នាក់។

គួរបញ្ជាក់ថា អ៊ីតាលីជាប្រទេសលោកខាងលិចដំបូងគេបង្អស់ ដែលបានដាក់ចេញនូវវិធានការរឹតបន្តឹងយ៉ាងខ្លាំងបំផុត ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺ COVID-19 ខណៈពេលប្រទេសនេះត្រូវបានគេចាត់ទុកថា ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតនៅទ្វីបអ៊ីរ៉ុប។ បច្ចុប្បន្នអ៊ីតាលីបានកត់ត្រាអ្នកឆ្លងជំងឺដ៏កាចសាហាវមួយនេះចំនួន ១០៥,៧៩២ករណី ហើយ នៅទូទាំងប្រទេស ក្នុងនោះ ១២,៤២៨នាក់ស្លាប់បាត់បង់ជីវិត និង ១៥,៧២៩នាក់ ផ្សេងទៀតបានជាសះស្បើយឡើងវិញ៕