(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីទើបតែបានប្រកាសថា អាជ្ញាធរបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣០២នាក់ទៀត ដែលធ្វើឲ្យចំនួនសរុបកើនដល់ ១,៨៣៦ករណី ក្នុងនោះអ្នកជំងឺ ០៩នាក់បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។

អាជ្ញាធរសុខាភិបាលរុស្ស៊ីក៏បានបញ្ជាក់ផងដែរថា អ្នកជំងឺសរុប ២១២នាក់ហើយបានជាសះស្បើយទាំងស្រុង។ សម្រាប់តំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ គឺនៅរដ្ឋធានីម៉ូស្គូតែម្តង ដែលរ៉ាប់រងករណីឆ្លងរហូតដល់ទៅ ១,២២៦ករណីឯណោះ ក្នុងចំណោមករណីឆ្លង COVID-19 សរុបទាំង ១,៨៣៦ករណី។

គួរបញ្ជាក់ថា ដើម្បីកាត់បន្ថយករណីឆ្លង COVID-19 ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានបញ្ជាឲ្យអនុវត្តវិធានការ «មិនធ្វើការងារមួយសប្តាហ៍» ដែលអនុវត្តន៍ចាប់ពីថ្ងៃទី៣០ ខែមីនា នេះតទៅនៅទីក្រុងម៉ូស្គូ។ អាជ្ញាធររុស្ស៊ី បានណែនាំឲ្យប្រជាជនរុស្ស៊ីគ្រប់រូប នៅទូទាំងទីក្រុងម៉ូស្គូ តាមដានសុខភាពខ្លួនឯងដាច់ដោយឡែករៀងៗខ្លួន នៅក្នុងរយៈពេលដែលបានកំណត់ ហើយតំបន់ផ្សេងៗទៀត ក៏ត្រូវបានណែនាំឲ្យធ្វើដូចគ្នាដែរ៕